អគ្គិភ័យឆាបឆេះជាបន្តបន្ទាប់ រាបស្មើដល់ដី ដោយមិនទាន់ដឹងមូលហេតុ
បាត់ដំបង ៖ នៅចំណុចក្រុមទី ០៣ ភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្បែរជើងភ្នំតាស្តា ដោយមានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋដែលរស់នៅលើដីចំណីភ្នំ ចំនួន ១ ករណី បណ្តាលឲ្យឆេះផ្ទះ ចំនួន ៣ ខ្នងផ្ទះ និងខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈដូចខាងក្រោម កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២២ ។
១.សង់ពីឈើប្រក់ស័ង្កសី ទំហំ ៣×៥ ម្ចាស់ផ្ទះ ឈ្មោះ កៅ លីន ភេទប្រុស អាយុ ៤៤ ឆ្នាំ ខូចខាតធុងបាស ០១ គ្រឿង តម្លៃ ៦០ ម៉ឺនរៀល ,ទូរទស្សន៍ ០១ គ្រឿង តម្លៃ ៣៥ ម៉ឺនរៀល និងខោអាវរបស់របរប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង។ ២.សង់ពីឈើប្រក់ស័ង្កសី ទំហំ ៣×៥ ម្ចាស់ផ្ទះ ឈ្មោះ ឈន ឆន ភេទប្រុស អាយុ ៤២ ឆ្នាំ ឆេះប័ណ្ណក្រីក្រ ០១ សន្លឹក ,ឆេះលុយខ្មែរអស់ ៥០ ម៉ឺនរៀល ,ឆេះខោអាវនិងរបស់របរប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។ ៣.សង់ពីឈើប្រក់ស័ង្កសី ទំហំ ៣×៥ ម្ចាស់ផ្ទះ ឈ្មោះ ឡុច ស្រីពៅ ភេទស្រី អាយុ ៤៥ ឆ្នាំ ខូចខាតលុយចំនួន ១,៥០០,០០០ រៀល ,កង្ហារ ០៣ គ្រឿង និង ខោអាវរបស់ប្រើប្រាស់ក្នុងផ្ទះឆេះទាំងស្រុង។
ក្នុងនោះដែរកម្លាំងអធិការដ្ឋាននគរបាលស្រុក បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចេញប្រតិបត្តិការជួយពន្លត់ដើម្បីទប់ស្កាត់ការរាលដាលទៅផ្ទះអ្នកដទៃដោយករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ហើយរហូតមកទល់និងពេលនេះ មិនទាន់មានតម្រុយណាមួយអះអាងថា វាបណ្តាលមកពីអ្វីនៅឡើយទេ៕