ទូកទេសចរណ៍មួយគ្រឿង ត្រូវបានភ្លើងឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ និងអ្នកក្រុងកំពត
កំពតៈ កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ទូកទេសចរណ៍មួយគ្រឿង ត្រូវបានភ្លើងឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ និងអ្នកក្រុងកំពត។ ហេតុការណ៍នេះ បានកើតឡើងត្រង់ចំណុចចំណតទូកដឹកភ្ញៀវទេសចរស្ថិតក្នុងទឹកដីភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ទូកទេសចរណ៍ខាងលើឈ្មោះវីបូឡា ត្រូវភ្លើងឆេះពេលបម្រុងដឹកភ្ញៀវកម្សាន្តក្នុងដងព្រែកកំពង់បាយ។ ភ្លាមៗ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ស្នងការខេត្តដើម្បីសុំកម្លាំងជំនួយ និងរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ក្នុងករណីនេះ ដោយចំណាយពេលជាងមួយម៉ោងក្រោមការប្រើប្រាស់រថយន្តពីរគ្រឿងរបស់ស្នងការដ្ឋានចំណាយទឹកអស់បីស៊ីទែន ភ្លើងក៏បានរលត់ទៅវិញជាស្ថាពរ។
មុនកើតហេតុអ្នកបម្រើការងារម្នាក់ បានចុះទៅក្នុងឃ្លុបបញ្ឆេះម៉ាស៊ីនភ្លើងបំភ្លឺដើម្បីចេញដំណើរជូនភ្ញៀវលម្ហែកម្សាន្ត។ ស្របពេលនោះស្រាប់តែភ្លើងចាប់ឆាបឆេះអាចបណ្តាលមកពីមានប្រេងកំពប់ក្បែរម៉ាស៊ីនទើបស្រែកប្រាប់ភ្ញៀវឱ្យនាំគ្នាចាកចេញពីទូកភ្លាមៗ។ លោកអះអាងថា នេះគ្រាន់តែជាការបញ្ជាក់បឋមពីអ្នកមើលការងារទូកកើតហេតុប៉ុណ្ណោះ លម្អិតយ៉ាងណា សមត្ថកិច្ចនឹងតាមដានស្រាវជ្រាវបន្ត។ ចំណែកទំហំនៃការខូចខាតក៏មិនទាន់អាចប៉ាន់ប្រមាណដឹងនៅឡើយ។ រីឯភ្ញៀវទេសចរ ក៏ដូចជាអ្នកបម្រើការងារនៅលើទូកទាំងអស់មិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះទេ៕