លេចចេញការសរសើរច្រើន ទៅលើការស្លៀកសម្លៀកបំពាក់ និងតុបតែងខ្លួន បែបសាមញ្ញៗ ប៉ុន្តែស័ក្កិសម និងថ្លៃថ្នូរខ្លាំង
ភ្នំពេញ៖ ចាប់អារម្មណ៍ខ្លាំងនៅលើរូបថតមួយសន្លឹក របស់អតិតពិធីការិនី ស្រីតូចចំណាន និងស្វាមីអ្នកឧកញ៉ា គិត ម៉េង ដែលត្រូវបានបញ្ចេញដោយក្រុមអ្នកជំនាញដែលបានថតក្នុងពិធីមង្គលការបែបលំដាប់អភិជនមួយកាលពីចុងសប្តាហ៍មុនេះ។ លេចចេញការសរសើរច្រើនទៅលើការស្លៀកសម្លៀកបំពាក់ និងតុបតែងខ្លួនបែបសាមញ្ញៗប៉ុន្តែស័ក្កិសម និងថ្លៃថ្នូរខ្លាំង។ ធ្វើឲ្យគេចាប់ភ្លឹកលើអតីតពិធីការិនីល្បីឈ្មោះរូបនេះគឺជុំវិញការមិនប្រើប្រាស់គ្រឿងពេជ្រ ស្រោចខ្លួនចូលទៅក្នុងចំណោមពិធីដែលប្រមូលផ្តុំដោយមន្ត្រី និងអ្នកជំនួញទ្រព្យហូរហៀរនោះ។
មតិសរសើរពីការរៀបចំខ្លួន និងមិនសម្ញែងទ្រព្យមាសពេជ្រនេះក៏មិនមែនជាលើកដំបូងនោះដែរ ដែលជាញឹកញាប់លោកជំទាវកាន់ជំនួញច្រើន ក្នុងដៃរូបនេះនិយមស្លៀកសំពត់បត់អាវប៉ាក់សមរម្យថ្លៃថ្នូរពោលគឺមានតែងក្រវិលមួយគូតែប៉ុណ្ណោះដែលជាគ្រឿងអលង្ការមានតម្លៃបំផុត។ ទោះជាយ៉ាងណាកន្លងទៅក៏មានការទម្លាយដែរថា ក្រវិលពេជ្រ មួយគូដែលត្រូវបានភរិយាអ្នកឧកញ៉ាគិតម៉េង រូបនេះពាក់ក៏មានតម្លៃមិនធម្មតាដែរ ហើយយូរៗម្តងគេក៏សង្កេតឃើញលោកជំទាវពាក់គ្រឿងពេជ្រនៅលើខ្លួនផងដែរ។
គួរបញ្ជាក់ដែរថាអ្នកនាង ស្រីតូច ចំណាន មានឈ្មោះពិតថា ម៉ៅ សុចំណាន កើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៨៣ ទីកន្លែងកំណើត នៅខេត្តស្វាយរៀង ។ កញ្ញា ស្រីតូច ចំណាន បានបោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈ ក្នុងអំឡុងឆ្នាំ១៩៩៨ ដោយអាជីពដំបូងពីការច្រៀង សម្តែង និងជាពិធីការិនី ។ លោកជំទាវបានរៀបការជាមួយអ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។ ក្នុងជីវិតសេ្នហារវាង អ្នកឧកញ៉ាសម្បូរទ្រព្យ មានកេរ្តិ៍ឈ្មោះល្បី និង ស្រីតូច ចំណាន គេចាត់ទុកថា ជាស្នេហាដែលផ្អែមល្ហែម មានសុភមង្គលខ្លាំងណាស់ ដោយអ្នកឧកញ៉ាបានផ្តល់តម្លៃ ឲ្យនាងយ៉ាងខ្ពស់ ស្រលាញ់ថ្នាក់ថ្នមនាងយ៉ាងខ្លាំង អស់ពេលប្រមាណ២០ឆ្នាំហើយ និងមានកូនចំនួន៤នាក់ ក្នុងនោះស្រីពីរនាក់ និងប្រុសពីរនាក់។ លោកជំទាវ ស្រីតូច ចំណាន ត្រូវបានគេចាត់ទុកថា ជាមនុស្សស្រីដែលសំណាង និងបានស្តាយសម្ពាយបុណ្យពីជាតិមុន ដោយនាងត្រូវបានគេហៅថា ជាសេដ្ឋីនីទាំងវ័យក្មេងផងដែរ៕