នៅក្នុងសប្តាហ៍នេះ រហូតដល់ពាក់កណ្តាលខែកុម្ភៈ មានការធ្លាក់ភ្លៀងរាយប៉ាយខុសប្រក្រតី ជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញៈ នៅថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២២ លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យថា ការនាំឱ្យមានភ្លៀងធ្លាក់រាយប៉ាយខុសប្រក្រតីនៅក្នុងខែកុម្ភៈដោយសារប្រទេសយើងនៅពេលនេះស្ថិតក្រោមឥទ្ធិពលនៃបាតុភូតឡានីណាខ្ពស់។ លោកបន្តថា ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះអាកាសធាតុក្តៅបន្តិច។ ដូចនេះពេល មានភ្លៀងកើតឡើងនិងមានផ្គររន្ទះ ខ្យល់កន្ត្រាក់កើតឡើង ដែលករណីបែបនេះកម្រកើតមានណាស់ពីមុនមក។
ការធ្លាក់ភ្លៀងរាយប៉ាយខុសប្រក្រតីជាមួយនឹងបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ផងនោះ នឹងចាប់ផ្តើមមកដល់នៅក្នុងសប្តាហ៍រហូតដល់ពាក់កណ្តាលខែកុម្ភៈ។ការធ្លាក់ភ្លៀងបែបនេះដោយសារប្រទេសកម្ពុជាស្ថិតក្រោមឥទ្ធិពលឡានីណា កម្រិតខ្ពស់និងពេលនេះស្ថិតក្នុងតំបន់សម្ពាធទាប។
អ្នកនាំពាក្យដដែលបានបន្តថា ក្នុងក្របខ័ណ្ឌតំបន់និងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិចពេលនេះ ស្ថិតក្រោមឥទ្ធិពលនៃបាតុភូតឡានីណា(La Nina)ក្នុងរង្វង់ប្រមាណ៨០ភាគរយនៅឡើយ ។ដោយឡែកព្រះរាជាណាចក្រកម្ពុជាពេលនេះស្ថិតក្នុងតំបន់សម្ពាធទាបនិងនៅពាក់កណ្ដាលសប្ដាហ៍នេះ សង្កេតឃើញខ្យល់មូសុងឦសានចុះខ្សោយ។ស្របពេលមូសុងឦសានចុះខ្សោយ ចលនាសម្ពាធទាប ដែលឆ្លងពីហ្វីលីពីនចូលមកក្នុងសមុទ្រចិនខាងត្បូងចាប់ផ្ដើមកើតមានជាបន្តបន្ទាប់ ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា លក្ខខណ្ឌសំខាន់ៗនេះ នឹងបង្កឲ្យប្រទេសកម្ពុជាទទួលរបាយទឹកភ្លៀងជាបន្តបន្ទាប់ ដោយចាប់ផ្ដើមពីតំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ ចាប់ពីថ្ងៃនេះ(៧កុម្ភៈ)តទៅ ហើយបរិមាណទឹកភ្លៀងនិងការរីករាយប៉ាយលើផ្ទៃដី នឹងកើនឡើងច្រើននៅក្នុងកំឡុងពាក់កណ្ដាលខែកុម្ភៈនេះ៕

អត្ថបទដែលជាប់ទាក់ទង