រថយន្តស៊េរីទំនើបពីរគ្រឿងបុកគ្នាត្រង់ចំនុចផ្លូវបំបែកជាបួនបណ្តលឲ្យរងការខូចខាត
ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងបើកលឿនជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើបម៉ាកKIA ត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឱ្យរថយន្ត ឡង់គ្រីស័ររេចង្កូតឡើងលើចិញ្ចើមផ្លូវបុកដើមចំប៉ីមួយដើមបាក់រាបដល់ដី ចំណែករថយន្តទាំង ពីរ គ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ៥០ នាទីយប់ថ្ងៃទី ០៨ ខែកុម្ភ: ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ១០១៥ កែងនិងផ្លូវ ១៩៣៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តឡង់គ្រីស័រមួយគ្រឿងពណស មិនចាំស្លាកលេខដោយម្ចាស់ដោះយកទៅបាត់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៣៨ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បានបើកភ្លើងសញ្ញាហ្វា កូដជាសញ្ញាសូមផ្លូវផងដែរ លុះដល់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជាបួនក៍ជ្រុលទៅបុកជាមួយ រថយន្តស៊េរីទំនើបម៉ាកKIA មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BK-7318ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០១៥ ទិសដៅពីត្បូងទៅជើង ចំពីចំហៀងផ្នែកខាងមុខខាងឆ្វេងពេញកំហឹងបណ្ដាលឲ្យរថយន្ដឡង់គ្រីស័ររេចង្កូតឡើងលើចិញ្ចើមផ្លូវបុកដើមចំប៉ីមួយដើមបាក់រាប់ដល់ដី ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។ភ្លាមនោះគេឃើញខាងភាគីរថយន្តឡង់គ្រីស័របានដោះស្លាកលេខរថយន្តចេញរួចយកទៅបាត់ ចំណែកភាគីខាងរថយន្តម៉ាកKIAក៏ចេញពីកន្លែងកើតហេតុបាត់ដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតែតំណាងភាគីទាំងសងខាងបានមកដល់ កន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានឲ្យតំណាងភាគីទាំង សងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីទាំងពីរ បានប្រាប់សមត្ថកិច្ច សូមយករថយន្តទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿង៕