អណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោរសន្ធៅ ចេញពីក្នុងបរិវេណស្តង់ដំឡូងមីមួយកន្លែង ដោយមានគេដុតស្នូលពោត និងស្មៅងាប់ បណ្តាលឱ្យឆេះ ជាអណ្តាតភ្លើង ខ្មួលខ្មាញ់ ផ្អើលអ្នកភូមិ
ខេត្តប៉ៃលិន៖ ហេតុការណ៍ភ្លើងឆេះ សំរាមដ៏សន្ធោរសន្ធៅ ក្នុងបរិវេណស្តង់ដំឡូងមី (ក្រហម) នេះ បានកើតឡើង នៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ នៅសុខៗ ស្រាប់តែមានអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោរសន្ធៅ ចេញពីក្នុងបរិវេណស្តង់ដំឡូងមីមួយកន្លែង ដោយមានគេដុតស្នូលពោត និងស្មៅងាប់ បណ្តាលឱ្យឆេះ ជាអណ្តាតភ្លើង ខ្មួលខ្មាញ់ ផ្អើលអ្នកភូមិ។ ម្ចាស់ស្តង់ ឆ្លើយឡើងថា មានក្មេងឃ្វាលគោ លួចដុតសំរាម ទើបបណ្តាលឱ្យរាលឆាបឆេះ ចូលក្នុងស្តង់របស់ខ្លួនបែបនេះ។
មន្រ្តីយោធាម្នាក់ បានឱ្យដឹងថា លោកបានក្រឡេកមើលពីកន្លែងបន្ទាយរបស់ខ្លួន នៅក្នុងភូមិដីក្រហម ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះខ្មួលខ្មាញ់យ៉ាងសន្ធោរសន្ធៅខ្ពស់ឡើងលើមេឃ ដោយលោកនឹកស្មានតែភ្លើងឆេះស្តង់ដំឡូងមីមួយនេះ ក៏ប្រញាប់បើកបរម៉ូតូយ៉ាងលឿន លុះមកដល់ឃើញភ្លើង កំពុងតែឆាបឆេះស្នូលពោត និងស្មៅងាប់ នៅក្នុងស្តង់ប៉ុណ្ណោះ មិនមែនឆេះស្តង់ដំឡូងមីនោះទេ។
ប្រភពបន្តទៀតថា ពេលលោកដើរទៅសួរនាំម្ចាស់ស្តង់ដំឡូងមីនេះ គេឆ្លើយយ៉ាងខ្លីថា ដោយសារក្មេងឃ្វាលគោ ជាអ្នកលួចដុតព្រៃ ទើបបណ្តាលឱ្យរាលឆេះ ចូលក្នុងស្តង់របស់ខ្លួន តែមិនបង្កឱ្យមានអគ្គិភ័យឆេះស្តង់ឡើយ ព្រោះម្ចាស់ស្តង់ នៅឈរចាំការពារជាប់ជានិច្ច។
ចំណែកប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ការដុតភ្លើងនៅក្នុងស្តង់ដំឡូងមីនេះ មិនមែនឆេះរាលមកពីកន្លែងផ្សេងនោះទេ គឺគេសង្ស័យថា ម្ចាស់ស្តង់ ជាអ្នកដុត នៅក្នុងស្តង់របស់ខ្លួនតែម្តង។ ពេលឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងខ្ពស់ត្រដែតបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋម្នាក់ៗ មានការព្រួយបារម្ភខ្លាំង ក្រែងឆេះរាលទៅដល់ចម្ការស្វាយកែវរមៀត ឬមៀនប៉ៃលិន និងចម្ការផ្សេងៗ ជាហេតុ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ទើបនាំគ្នា ចុះទៅពិនិត្យមើលតែម្តង៕