គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ
ភ្នំពេញ: នៅថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ ម្តាយជនរងគ្រោះគាត់បានធ្វើដំណើរចេញពីផ្ទះ របស់ខ្លួនក្នុងគោលបំណងដើម្បីទៅសុំសីលនៅឯវត្តចាក់អង្រែលើ ។ ខណ:ពេលគាត់ដើរទៅដល់ត្រង់ចំណុចមុខខ្លោងទ្វារវត្តនោះ ស្រាប់តែមានគេទៅប្រាប់គាត់ថា កូនជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូដួលដោយខ្លួនឯង បានស្លាប់បាត់បង់ជីវិតមួយរំពេច នៅនឹងកន្លែងកើតហេតុបាត់ទៅហើយ ។
បន្ទាប់ពីគាត់បានទទួលដំណឹងដ៏រន្ធត់និងសោកសៅនេះរួចមក ម្តាយបានធ្វើដំណើរមកដល់ត្រង់ចំណុចកន្លែងកើតហេតុ ។ ដោយមកឃើញនូវទិដ្ឋភាពនេះភ្លាម ម្តាយមានអារម្មណ៍ក្តុកក្តួលរំជួលចិត្ត និងស្រែកទ្រហោយំក្តែងៗ ដោយក្តីអាឡោះអាល័យកូនដែលបានបាត់បាត់បង់ជីវិត ។
ជនរងគ្រោះមានឈ្មោះ ឈួន វឌ្ឍនា (ហៅស្លេក) ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជាជាងកាត់សក់ នៅម្តុំវត្តសន្សំកុសល ។ ជនរងគ្រោះមានបងប្អូន ទាំងអស់ចំនួន០៣នាក់ ។ ជនរងគ្រោះជាកូនទី០៣ គឺពៅគេនៅក្នុងគ្រួសារ ។ ម្តាយជនរងគ្រោះបាននិយាយ រៀបរាប់ទៀតថា ឪពុកទើបតែនឹងស្លាប់បាត់កន្លងទៅអំឡុងពេលចូលឆ្នាំ ហើយគាត់បានយកធាតុដាក់នៅលើផ្ទះដើម្បីអុជធូបឧទ្ទិសកុសល ជូនទៅរៀងរាល់ថ្ងៃសីល ។ ឥឡូវត្រូវកូនជាទីស្រឡាញ់របស់គាត់ម្នាក់ ត្រូវស្លាប់មួយទៀត ដោយជួបគ្រោះថ្នាក់ចរាចរណ៍ ។ គាត់ពិតជាក្តុកក្តួលរំជួលចិត្តខ្លាំងណាស់ ហើយគាត់បានរៀបរាប់បន្ថែមទៀតថា យកម្តងមួយៗ គឺមានន័យថា ឪពុកទើបនឹងស្លាប់ ស្រាប់តែកូនត្រូវស្លាប់មួយទៀត ដូច្នេះគាត់ពិតជាមានទុក្ខសោកខ្លាំងណាស់ ៕