ករណីឃាតកម្មនេះ! ជនសង្ស័យទាំង ៦ នាក់ ជាប់ចោទពីបទឃាតកម្មគិតទុកជាមុន ជាប់ពន្ធនាគារមួយជីវិត
មណ្ឌលគិរី ៖ សមត្ថកិច្ចខេត្តមណ្ឌលគិរី នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នំា២០២២នេះ បាននាំខ្លួនបុរសជនសង្ស័យទាំង ៦នាក់ ទៅកាន់តុលាការដំបូងខេត្តមណ្ឌលគិរីដើម្បីឱ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ទៅលើបទល្មើសឃាតកម្ម និងប៉ុនប៉ងសម្លាប់គ្រួសារ នៅមណ្ឌលគិរី។
បុរសជនសង្ស័យទាំង ៦ នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីការស៊ើបអង្កេតករណីឃាតកម្មទៅលើមនុស្ស ៥ នាក់ និងប៉ុនប៉ងសម្លាប់កុមារម្នាក់ នៅថ្ងៃទី ១ ខែកុម្ភៈ នៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ជនសង្ស័យ ទាំងបានចោទថា គ្រួសារជនរងគ្រោះចេះអំពើអាបធ្មប់ និងបានធ្វើអំពើទៅលើក្រុមគ្រួសារពួកគេទើបរៀបចំគំនិតសម្លាប់គ្រួសារជនរងគ្រោះ។
ព្រះរាជអាជ្ញា បានចោទអ្នកទាំង ៦ ពីបទផ្ដើមគំនិត និងឃាតកម្មគិតទុកជាមុនរួមមាន៖
១. រឹម ធា ភេទប្រុស អាយុ ២៨ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
២. នួន វណ្ណា ភេទប្រុស អាយុ ៥៥ឆ្នាំ ចោទពីបទ អ្នកផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២៨ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៣. ចន្ធី ផ្វិត ភេទប្រុស អាយុ ១៤ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៤. ចន្ធី ភ្វិត ភេទប្រុស អាយុ ១៨ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៥. ខ្លឹង ចន្ធី ភេទប្រុស អាយុ ៤១ឆ្នាំ ចោទពីបទ អ្នកផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២៨ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៦. នឹម រខិន ភេទប្រុស អាយុ ១៨ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់ទាំងនេះមានទម្ងន់ទោសជាប់ពន្ធនាគារអស់មួយជីវិត៕