តុលាការចេញដីកាឃុំខ្លួនអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន ៣នាក់ ពាក់ព័ន្ធការរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩
(ភ្នំពេញ)៖ អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន៣នាក់ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញលោក អ៊ុក រ៉េតគន្ធា ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធការរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩។
សូមបញ្ជាក់ថា កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនត្រូវចោទទាំង៣នាក់នេះ នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩។
យោងតាមដីកាឃុំខ្លួនរបស់តុលាការ ដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ទាំង៣នាក់ ត្រូវបានលោក សេង ហ៊ាង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ពីបទ «រារាំងដល់ការអនុវត្តវិធានការ»។
អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ទាំង៣នាក់ ដែលត្រូវបានឃាត់ និងឃុំខ្លួននោះរួមមាន៖
*ទី១៖ ឈ្មោះ ជួប ចាន់ណាត ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
*ទី២៖ ឈ្មោះ សេង វណ្ណារិទ្ធ ភេទប្រុស ស្នាក់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា
*ទី៣៖ ឈ្មោះ សៅ សម្បត្តិ ស្នាក់នៅភូមិជ្រៃកោក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ពួកគេត្រូវបាលកម្លាំងនគរបាលឃាត់ខ្លួន នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។
ការឃាត់ខ្លូនពួកគេទាំង៣នាក់នេះ យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងរារាំងដល់ការ អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ យោងតាមមេត្រា១១ នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមស្វែងរកដើម្បីនាំខ្លួន អតីតបុគ្គលិកណាហ្គាវើលដ៍ ចំនួន៤នាក់ទៀត។ ការខិតខំស្រាវជ្រាវដើម្បីចាប់ខ្លួននេះ ជាការអនុវត្តតាមដីការបញ្ជាឱ្យចូលខ្លួន របស់ព្រះរាជអជ្ញារ អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយយោងលេីមាត្រា១១ នៃច្បាប់ប្រឆាំងកូវីដ ។
មនុស្ស៤នាក់ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន រួមមាន៖ ទី១៖ ខេង ចិន្តា (ស្រី), ទី២៖ អ៊ុក សុភ័ក្រម៉ូលីកា (ស្រី) , ទី៣៖ ម៉េង កាន់នីកា (ស្រី) និងទី៤៖ អេង ស្រីបូ (ស្រី)។
យោងតាមមាត្រា១១ នៃច្បាប់់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបញ្ជាក់អំពីបទរារាំងដល់ការអនុវត្តវិធានការ បានចែងថា៖ អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានចេញស្របតាមច្បាបនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០រៀល ទៅ ១០,០០០,០០០រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥,០០០,០០០ ទៅ ២០,០០០,០០០រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕