ច្រានចោលសំណើរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលសុំផ្អាកការផ្តួចផ្តើមរៀបចំនីតិវិធី ដេញថ្លៃជ្រូករស់ សម្រាប់នាំចូលមកកម្ពុជា
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសម្រេចច្រានចោលសំណើសុំផ្អាកការផ្តួចផ្តើមលើការរៀបចំនីតិវិធីដេញថ្លៃ សម្រាប់ការនាំចូលជ្រូករស់មកកម្ពុជា។ នេះបើតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
នៅក្នុងលិខិតរបស់ខ្លួនកាលពីថ្ងៃទី៨ ខែកុម្ភៈ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ថា «ការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា គឺជាឧបករណ៍មួយចាំបាច់សម្រាប់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយបញ្ហាក្នុងវិស័យជ្រូកជារួម និងម្យ៉ាងទៀតធានានិរន្តរភាព នៃការចិញ្ចឹមជ្រូករបស់កសិករ និងក្រុមហ៊ុនក្នុងស្រុក ដើម្បីធានាស្ថិរភាពថ្លៃសាច់ជ្រូកក្នុងទីផ្សារ ស្របនឹងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយសម្ពាធថ្លៃម្ហូប អាហារនៅលើទីផ្សារ ក្នុងបរិបទនៃប្រក្រតីភាពថ្មី ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ១៩ផងដែរ»។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការផ្តួចផ្តើមរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់នេះ មិនមែនផ្អែកលើសំណើរបស់ក្រុមហ៊ុននាំចូលជ្រូកចំនួន០៤ ដូចដែលបានលើកឡើងក្នុងលិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។ ផ្ទុយទៅវិញ ការគិតគូររៀបចំយន្តការដេញថ្លៃនេះ គឺផ្អែកលើការសិក្សាស៊ីជម្រៅរបស់ក្រុមការងារនៃអគ្គលេខាធិការដ្ឋាននៃគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនឯកជនដែលប្រកបរបរនាំចូលជ្រូករស់ និងស្មារតីរួមនៃកិច្ចប្រជុំអន្តរក្រសួងនាពេលកន្លងមក។
អគ្គបណ្ឌិតសភាចារ្យបានពន្យល់ទៀតថា សន្តិទានកម្មដែលតម្រូវ ឱ្យមានការរៀបចំយន្តការនៃការដេញថ្លៃនាំចូលជ្រូករស់ ថ្លៃសាច់ជ្រូកនៅលើទីផ្សារកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ពី ១៦,៥០០ រៀល/គ.ក ទៅ ១៧,០០០ រៀល/គ.កជាមធ្យម ក្នុងអំឡុងឆ្នាំ២០១៩ និង២០២០ រហូតដល់ ២៥,០០០រៀល/គ.ក ទៅ ២៦,០០០រៀល/គ.កជាមធ្យម ក្នុងអំឡុងឆ្នាំ២០២១, ដែលការណ៍នេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសក្នុងបរិបទនៃប្រក្រតីភាពថ្មី ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩។
ការកើនឡើងថ្លៃជ្រូករស់មួយផ្នែក បង្កឡើងដោយកង្វះយន្តការប្រកួតប្រជែងប្រកបដោយតម្លាភាព រវាងក្រុមហ៊ុននាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់មកប្រទេសកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនមួយចំនួនតូច ដែលទទួលបានគោលការណ៍នាំចូលជ្រូករស់ បានលក់ជ្រូករស់ក្នុងថ្លៃមួយខ្ពស់ ពោលគឺពី ១១,០០០ រៀល/គ.កជាមធ្យមក្នុងឆ្នាំ២០១៩ និង២០២០ រហូតដល់ ១៤,០០០រៀល/គ.ក ជាមធ្យមក្នុងអំឡុងឆ្នាំ២០២១ (ក្រុមហ៊ុនទិញពីកសិដ្ឋាននៅប្រទេសថៃនាពេលកន្លងមក ស្ថិតនៅក្នុងចន្លោះ ៦,៥០០ រៀល/គ.ក ទៅ ៧,០០០ រៀល/គ.កជាមធ្យម)។ ជារួមការរៀបចំយន្តការនៃការដេញថ្លៃនាំចូលជ្រូករស់ គឺដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ជ្រូករស់ពីការនាំចូល ក្នុងថ្លៃមួយប្រកបដោយ ភាពប្រកួតប្រជែង ដើម្បីរក្សាស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃលក់សាច់ជ្រូកនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ។
ការអនុវត្តយន្តការដេញថ្លៃនាំចូលជ្រូករស់៖ យន្តការនៃការដេញថ្លៃនាំចូលជ្រូករស់ គឺនឹងត្រូវប្រើប្រាស់នៅពេលមានកង្វះការផ្គត់ផ្គង់ជ្រូកក្នុងស្រុកតែប៉ុណ្ណោះ ពោលពុំត្រូវបានយកមកអនុវត្តជាប្រចាំនោះឡើយ។ ទន្ទឹមនេះ, ការកំណត់បរិមាណជ្រូករស់ដែលនឹងអនុញ្ញាតឱ្យនាំចូល ក្នុងពេលចាំបាច់ណាមួយ គឺជា សមត្ថកិច្ចរបស់គណៈកម្មការដេញថ្លៃ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន។ ជាមួយគ្នានេះ, ក្រុមហ៊ុនឯកជនដែលមានសិទ្ធិ អាចដាក់ពាក្យចូលរួមដេញថ្លៃនាំចូលជ្រូករស់តម្រូវឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងទិដ្ឋភាពបច្ចេកទេស ហិរញ្ញវត្ថុ និងលក្ខខណ្ឌតម្រូវផ្សេងៗ។ មួយវិញទៀត, ការដេញថ្លៃនេះប្រើប្រាស់វិធីសាស្រ្តនៃការដេញថ្លៃចុះ ប៉ុន្តែថ្លៃជ្រូករស់នាំចូលនេះនឹងត្រូវកំណត់ក្នុងកម្រិតមួយ ដើម្បីធានាមិនឱ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងថ្លៃ ក្នុងទីផ្សាររបស់អ្នកចិញ្ចឹមក្នុងស្រុក។
យន្តការដេញថ្លៃ និងទិដ្ឋភាពគតិយុត្ត៖ ការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់នេះ ពុំមានភាពខ្នាស់គ្នាជាមួយនឹងមាត្រា៥៨ និងមាត្រា៦០ នៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វនោះឡើយ ពីព្រោះសេចក្តីព្រាងបឋមយន្តការដេញថ្លៃ ដែលបានរៀបចំឡើងនេះ បានចែងយ៉ាងច្បាស់អំពីសិទ្ធិ និងតួនាទីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកដេញថ្លៃបានសិទ្ធិនាំចូល។ ក្នុងនោះ ប្រការ៩ បានចែងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាប័នដែលត្រូវចេញសេចក្តី សម្រេចប្រគល់សិទ្ធិធ្វើអាជីវកម្ម នាំចូលសត្វជ្រូករស់មកកម្ពុជា ឱ្យអ្នកដេញថ្លៃបាន និងប្រការ១៧ បានចែងទៀតថា អ្នកដេញថ្លៃបានត្រូវស្នើសុំលិខិតអនុញ្ញាតនាំចូលសត្វជ្រូករស់, គោរពបទប្បញ្ញត្តិ និងវិធានបសុព្យាបាល និងទំនាក់ទំនងឱ្យបានល្អ ប្រសើរជាមួយជំនាញដែលមានការពាក់ព័ន្ធ, និងទទួលខុសត្រូវរាល់បទប្បញ្ញត្តិ និងការណែនាំផ្សេងៗរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពាក់ព័ន្ធនឹងការនាំចូលសត្វជ្រូកមកប្រទេសកម្ពុជា ។ ដោយឡែក ជាការអនុវត្តកន្លងមក តាមមាត្រា៥៨ និងមាត្រា៦០ នៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ មិនអាចធានាបាននូវការនាំចូលប្រព្រឹត្តទៅប្រកបដោយតម្លាភាព ជាពិសេសមិនអាចចូលរួមចំណែករក្សាស្ថិរភាពថ្លៃ សាច់ជ្រូកនៅលើទីផ្សារបានឡើយ។
លោកឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់បន្ថែមថា «អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់សេចក្តីព្រាងបឋមនៃយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា កម្រិតបច្ចេកទេសរួចហើយ ដោយមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការផ្តល់ធាតុចូលពីក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំអន្តរក្រសួង។ ប៉ុន្តែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនបានចាត់តំណាងចូលរួម តាមការអញ្ជើញរបស់ខ្ញុំ នាពេលកន្លងមក»។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យលទ្ធភាពឯកភាពលើពីរចំណុចសំខាន់ៗដូចខាងក្រោម៖
ទី១៖ ឯកភាពលើការផ្តួចផ្តើម ការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់ មកប្រទេសកម្ពុជា ដោយយន្តការនេះនឹងជួយលើកកម្ពស់ការប្រកួតប្រជែង ប្រកបដោយតម្លាភាពក្នុងអាជីវកម្មនាំចូលជ្រូករស់ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាឱ្យបាននូវស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃសាច់ជ្រូកនៅលើទីផ្សារ ។
ទី២៖ ចាត់តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចូលរួមផ្តល់យោបល់ និងធាតុចូលបន្ថែម ដើម្បីកែសម្រួលខ្លឹមសារនៃសេចក្តីព្រាងបឋម នៃយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ដែលក្រុមការងារនៃអគ្គលេខាធិការដ្ឋាននៃ គណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការរៀបចំ៕