ករណីភ្លើងឆេះព្រៃ នៅភ្នំដងរែក ម្តុំវត្តគីរី សុក្ខារាម ថ្មរមៀល ភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក សមត្ថកិច្ចជំនាញ បានកំពុងបន្តស្រាវជ្រាវ រកជនសង្ស័យបង្កអគ្គិភ័យ

បន្ទាយមានជ័យៈ កាលពី យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ មកទល់ថ្ងៃទី១១ ខែកុម្ភៈ សមត្ថកិច្ច បានលើកឡើង ថា សមត្ថកិច្ចជំនាញ បានកំពុងបន្តស្រាវជ្រាវ រកជនសង្ស័យបង្កអគ្គិភ័យ ព្រោះក្រោយ ការស៊ើបអង្កេត បង្ហាញថា វាមិនមែន ជាភ្លើងឆេះព្រៃ ដោយចៃដន្យ ឬការធ្វេសប្រហែស របស់អ្នកដើររកអនុផល ព្រៃឈើ ឬរកឃ្មុំ ឬកណ្តុរឡើយ ។
ការអះអាងនេះ នៅពេលវត្ត បានខឹងសម្បារនឹងការដែលភ្លើង បានឆេះបំផ្លាញ កូនឈើ ប្រណិតដាំថ្មី ចំនួន ២.០០០ដើម ។ ឯជំនាញបរិស្ថាន ក៏ប្រតិកម្មនឹង ភ្លើងឆេះអន្តររាយ ក្នុងព្រៃតំបន់ការពារធម្មជាតិ បន្ទាយឆ្មារ ។
សូមរំលឹកថា បន្ទាប់ពីមានគ្រោះអគ្គិភ័យនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ និងលោកវរសេនីយ៍ឯក សម្បត្តិ កុសល ស្នងការរង ទទួលការងារនគរបាលការពារ និងអន្តរាគមន៍ ដឹកនាំកម្លាំង អធិការដ្ឋាន នគរបាល ស្រុកស្វាយចេក , នគរបាលស្រុកថ្មពួក, នគរបាល ស្រុក អូរជ្រៅ និងកម្លាំងនគរបាល វរសេនាតូចការពារព្រំដែនគោក លេខ៨០៧ ប្រជាពលរដ្ឋ ព្រះសង្ឃ សរុបកម្លាំងចំនួន ៧២ អង្គ/នាក់ រួមទាំងរថយន្តពន្លត់ អគ្គិភ័យ ចំនួន ៣ គ្រឿង របស់ នគរបាលស្រុកស្វាយចេក ថ្មពួក និងស្រុកអូរជ្រៅ ដើម្បីត្រៀមអន្តរាគមន៍ពន្លត់ ។
ព្រះចៅអធិការវត្តគីរីសុក្ខារាម ថ្មរមៀល បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ជា ៧ យប់ ថ្ងៃទី៩ កុម្ភៈ ភ្លើងបានចាប់ផ្តើមឆេះ នៅជម្រាលខ្នងភ្នំដងរែក នៅចំណុចជិតបង្គោលព្រំដែន លេខ២៧ មកពីទិសខាងលិច ហើយរាលដាល ចុះមកក្រោម មកទិសខាងកើតប្រវែងជាង ១.០០០ ម៉ែត្រ ជិតវត្តគីរីសុក្ខារាម ថ្មរមៀល ។ ចំពោះការខូចខាត គឺកូនឈើដែលទើប ដាំថ្មី មានកូនគ្រញូង ផ្ចឹក នាងនួន ប្រហែលជា ២.០០០ ដើម ។
ប្រតិបត្តិក្នុងពន្លត់នេះ មានដំណាក់ កាលទី១ គឺ រថយន្តពន្លត់អគ្គិភ័យ មិនអាចបាញ់ទឹកដល់ តែបាន ប្រើកម្លាំង និងឫស្សី ឈើបានឡើងទៅវាយពន្លត់ភ្លើង ដែលឆេះរាលចុះមកក្រោម តាមទីតាំងដែលអាចចូល ទៅវាយពន្លត់ បានរហូតដល់ វេលាម៉ោង ៥ ភ្លឺឈាន ចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ។ ភ្លើងបានរាលឆេះចុះមកក្រោម ពីទិសខាងកើត ត្រឡប់ខាងលិចវិញ ក្បែរវត្តនោះ។
សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកពន្លត់ និងគ្រប់គ្រង ស្ថានការណ៍ បានទាំងស្រុង ដោយមិនបង្កឲ្យភ្លើងរាលឆាបឆេះ ដល់វត្តគីរី សុក្ខារាម ថ្មរមៀល កុដិ និងលំនៅឋាន របស់អ្នកស្រុកនោះឡើយ។
សមត្ថកិច្ច បានដាក់ការសង្ស័យថា អគ្គិភ័យនេះ មានអ្នកលួចដុត ដោយចេតនា មិនមែនអចេតនាឡើយ ។ វាបង្កឲ្យមានការខូចខាតបរិស្ថាន និងកូនឈើនៅលើភ្នំ ។
ករណីនេះ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ក៏បានដាក់បទបញ្ជាឲ្យកម្លាំង នគរបាល ការិយាល័យជំនាញព្រហ្មទណ្ឌខេត្ត និងកម្លាំងនគរ បាលជំនាញ ព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ស្រុកថ្មពួក ចុះធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនបង្កល្មើស “បង្កអគ្គិភ័យនេះ ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោស តាមនីតិវិធី។
ចំណែកលោក យឹម លី ប្រធានមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ បានប្រតិកម្ម នឹងការ ឆេះព្រៃភ្នំដងរែក នៅក្នុងតំបន់កាពារធម្មជាតិ បន្ទាយឆ្មារនេះ ហើយបាន គាំទ្រនិង សហការនឹងសមត្ថកិច្ចនគរបាល អាជ្ញាធរដែនដី តុលាការ និងអ្នក ពាក់ព័ន្ធ ដើម្បីឈានទៅ វែកមុខ និងនាំខ្លួនជនបង្កអគ្គិភ័យ មកផ្តន្ទាទោស ដើម្បីអោយរាងចាល និងដើម្បីកុំអោយ ការប្រព្រឹត្តបែបនេះ ដែលធ្លាប់កើត ហើយនៅតែបន្តកើតមានទៀត ។
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ក៏បានលើកយកសេចក្តីជូនដំណឹង ស្តីពីវិធាន ការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងរបៀង អភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ ការពារធម្មជាតិ លេខ០៦១ សជណ.បស្ថ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មកជូនអាជ្ញាធរមានសមត្ថកិច្ច ពលរដ្ឋ អ្នកពាក់ព័ន្ធផងដែរ៕

អត្ថបទដែលជាប់ទាក់ទង