ក្រុមចោរប្លន់វ័យក្មេងចំនួន៥នាក់ ជាមុខសញ្ញាសកម្មខាងកាប់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញនិងមូលដ្ឋានខេត្តកណ្តាល

កណ្តាល៖ ក្រុមចោរប្លន់ទាំង៥នាក់នេះ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានលោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់ទោស» តាមមាត្រា៣៥៣ និង មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ។
ក្រុមចោរប្លន់វ័យក្មេងចំនួន៥នាក់ ដែលសមត្ថកិច្ចអះអាងថា ជាមុខសញ្ញាសកម្មខាងកាប់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងមូលដ្ឋានខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចខេត្តកណ្តាល ឃាត់ខ្លួនបានជាបន្តបន្ទាប់ ។
ក្រុមមុខសញ្ញាទាំង៥នាក់ នេះ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋយ៉ាងសកម្មប្រចាំរាជធានីភ្នំពេញនិងមូលដ្ឋានខេត្តកណ្តាល តែសកម្មភាពចុងក្រោយ គឺ បានប្រព្រឹត្តកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៧និង៣០នាទីយប់ នៅចំណុចចម្ការធ្នង់ ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ សែ ចន្ធូ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាមេការជាងសំណង់បុរីចតុមុខ មានទីលំនៅភូមិជាប ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ចំណែកមុខសញ្ញាចោរប្លន់ទាំងនេះ មានឈ្មោះ ទី១ ឈ្មោះ ខេមរា ផល្លា ហៅឡា អាយុ១៨ឆ្នាំ ទី២ ឈ្មោះ រាជ វិសាល អាយុ១៦ ឆ្នាំទី៣ ឈ្មោះ ដាវ វិសាល ហៅពក អាយុ១៦ឆ្នាំ ទី៤ ឈ្មោះ មាស សារី ហៅធីយ៉ា អាយុ១៧ឆ្នាំ និង ទី៥ ឈ្មោះ ធឿន ប៊ុនលាភ អាយុ១៦ឆ្នាំ ។
សមត្ថកិច្ចរៀបរាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការនៅបុរីចតុមុខ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មកលេងផ្ទះមិត្តភក្តិឃុំវិហារសួគ៌ ។
នៅពេលមកដល់ចំណុចកើតហេតុក៏ជួបជនសង្ស័យមានគ្នារហូតដល់ជាង១០នាក់ ជិះម៉ូតូចំនួន៤គ្រឿងក៏បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ រួចជិះគេចខ្លួនចូលក្នុងក្រុមហ៊ុន 7NG ឆ្ពោះមកតាមផ្លូវជាតិលេខ៨ ហើយក៏ឆ្លងដរ អរិយក្សត្រ គេចខ្លួនទៅរាជធានីភ្នំពេញ វិញ ។ ករណីនេះធ្វើឲ្យជនរងគ្រោះរងរបួសរយះក្បាលមួយកន្លែងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។
ក្រោយមកទៀតកម្លាំងនគរបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចុះល្បាតតាមគោលដៅរបស់ខ្លួនដោយមានការសង្ស័យក៏បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ហើយរកឃើញម៉ូតូរបស់ជនរងគ្រោះឈ្មោះ សែ ចន្ធូ ដែលក្រុមជនសង្ស័យទាំងនេះបានកាប់ប្លន់យកតែម្ដង ។
សមត្ថកិច្ចខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏បានប្រគល់ជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាងចំនួនម៉ូតូ៣គ្រឿង មកឲ្យអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីអនុវត្តបន្តតាមនីតិវិធី ដែលបច្ចុប្បន្ននេះក្រុមជនសង្ស័យទាំង៥នាក់ ត្រូវបានតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ ៕

អត្ថបទដែលជាប់ទាក់ទង