ក្រុមចោរមួយក្រុម ចូលចាប់ម្ចាស់ផ្ទះ ចង ហើយយកកាំបិតភ្ជង់គំរាមសម្លាប់ថា ឲ្យប្រគល់លុយឱ្យពួកវា បើមិនអោយលុយ ពួកវានឹងសម្លាប់ចោល

កំពង់ស្ពឺ៖ ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ ក៏ដូចជាជំនាញនគរបាលព្រហ្មទណ្ឌស្រុក បានចុះធ្វើកំណត់ហេតុសាកសួរជនរងគ្រោះ។ ករណីប្លន់នេះ បានកើតឡើង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិភ្នំកូប ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រុមចោរមួយក្រុម បានចូលចាប់ម្ចាស់ផ្ទះចង ហើយយកកាំបិតភ្ជង់គំរាមសម្លាប់ថា ឲ្យប្រគល់លុយឱ្យពួកវា បើមិនអោយលុយ ពួកវានឹងសម្លាប់ចោល។ ក្រុមចោរ ថែមទាំងបានយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួន ដោយសុវត្ថិភាពទៀតផង។ ជនរងគ្រោះ ឈ្មោះ អំ សឺ ភេទប្រុស អាយុ ៧៥ឆ្នាំ ប្រពន្ធឈ្មោះ សោ វ៉ង់ អាយុ ៧៣ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។
ជនរងគ្រោះ បានរៀបរាប់ថា គាត់ និងគ្រួសារ បានសម្រាកជាធម្មតា ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួន ៣នាក់ បានចូលមកធ្វើសកម្មភាព ចាប់ពួកគាត់ចង ជាប់សរសរផ្ទះ រួចយកកាំបិតភ្ជង់ក មិនអោយជនរងគ្រោះស្រែក រួចក៏បានយកម៉ូតូ ១គ្រឿង និងប្រាក់ ចំនួន ៥២០ ០០០រៀល (ហាសិបពីរម៉ឺនរៀល) រត់គេចខ្លួនបាត់អស់ទៅ។ បន្ទាប់ពីក្រុមចោរ ចេញផុត រូបគាត់បានរើរួចពីចំណង ហើយបានស្រែកអោយអ្នកភូមិជួយ ក៏ដឹងដល់សមត្ថកិច្ច ចុះមកសួរនាំទាំងយប់។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាត់ភ្លុក បានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយប្រជាការពារ សួរនាំជនរងគ្រោះ ដើម្បីស្រាវជ្រាវតាមរកមុខសញ្ញាខាងលើ។ សមត្ថកិច្ចនៅមិនទាន់កំណត់មុខសញ្ញាក្រុមចោរប្លន់ បាននៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង