ឃាតក សម្លាប់ម្ចាស់បំណុល ឥឡូវសម្រេចប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន១០ឆ្នាំ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២២ លោកស្រី ទិត ដាលីន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ និង លោក ហេង ផេង ជាតំណាងអយ្យការ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដាក់ពន្ធនាគារចំនួន១០ឆ្នាំ ក្រោមចោទប្រកាន់ពីបទ. ឃាតកម្ម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត លើករណីបាញ់សម្លាប់អ្នកកួកជេដីនៅខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ នៅ ចំណាន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរកួកជេដី រថយន្ត-ម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុង ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ)។ មុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង។
គួររំលឹកថា ករណីឃាតកម្ម បាញ់ជនរងគ្រោះបណ្ដាលឲ្យស្លាប់នេះ កើតហេតុកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីឃាតកម្មនេះកើតចេញពីការ ចងការប្រាក់ ១០០០០ដុល្លារ ការ៣០០០ដុល្លារ រហូតដល់មានជម្លោះគ្នាទៅវិញទៅមក បើយោងតាមចម្លើយជនត្រូវចោទបានឆ្លើយ គឺជនរងគ្រោះធ្លាប់ គំរាមសម្លាប់ប្រពន្ធកូនចោល បើមិនសង់លុយ។ សមត្ថកិច្ចបានដកហូតវត្ថុតាង អាវុធខ្លីម៉ាក CF98 មានគ្រាប់ចំនួន ០៩គ្រាប់នៅសេសសល់ក្នុងបង់កាំភ្លើង ៕