សម្ដេចក្រឡាហោម ស ខេង ដាស់តឿនមន្ត្រីតាមមូលដ្ឋាន ត្រូវរួមគ្នាប្រមូលបញ្ហា ប្រឈមមកដោះស្រាយ ដោយគ្មានការលាក់លៀម
(ព្រៃវែង)៖ ការដាស់តឿនបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជាអធិបតីកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ប្រចាំឆ្នាំ២០២១ លើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង ដែលប្រារព្ធនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានដាស់តឿនដល់ថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋាន ត្រូវរួមគ្នាប្រមូលបញ្ហាប្រឈមនានា មកដោះស្រាយ ដោយគ្មានការលាក់លៀម ខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋល្អ ដោយមិនប្រកាន់និន្នាការនយោបាយ ធ្វើអំពើល្អដោយការមិនរំលោភអំណាច មិនបំពានសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងត្រូវពង្រឹងគុណភាពសមាជិកមានស្រាប់ ព្រមទាំងពង្រីកសមាជិកថ្មីបន្ថែម។
នាឱកាសនោះដែរ សម្តេចអនុប្រធានគណបក្ស ក៏បានផ្ដាំផ្ញើដល់មន្ត្រីនៅតាមមូលដ្ឋាន ត្រូវប្រមូលផ្ដុំគ្នាចុះទៅកាន់មូលដ្ឋានប្រជាពលរដ្ឋ ជាពិសេសចូលរួមផ្ដល់ការគាំទ្រដល់បេក្ខជន បេក្ខនារីក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សឱ្យធ្វើសកម្មភាពនានានៅមូលដ្ឋានគឺជាអាទិភាព។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា ទោះបីជានៅឆ្នាំ២០២១ មានការបន្តប្រឈមុខខ្ពស់នឹងជំងឺឆ្លងកូវីដ១៩ ក៏កម្ពុជានៅតែអាចបន្តរក្សាបានសុខសន្តិភាព និងស្ថិរភាពជាតិ បង្កលក្ខណៈសម្រាប់ការរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងនោះក៏រួមទាំងការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខផងដែរ។
បន្ថែមពីនេះ សម្ដេចក្រឡាហោម ក៏បានសម្ដែងការកោតសរសើរគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ដែលបានបំពេញភារកិច្ចជាច្រើនសម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខ រួមទាំងការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ។
សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់អំពីការបន្តប្រព្រឹត្តទៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសារៈសំខាន់នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គ្រោះថ្នាក់ចរចរណ៍ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
សម្ដេចបានស្នើឱ្យអាជ្ញាធរបង្កើនការយកចិត្តទុកបញ្ហាគ្រឿងញៀន ហើយឪពុកម្ដាយ អាណាព្យាបាលត្រូវជួយទប់ស្កាត់ក្រុមគ្រួសារកុំឱ្យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។
សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សខេត្តព្រៃវែង បន្តខិតខំរួមគ្នាយកចិត្តទុកដាក់បំពេញភារកិច្ចទៅតាមផែនការ និងប្រតិទិននៃការបោះឆ្នោត រួមទាំងការរៀបចំភ្នាក់ងារគណបក្ស អ្នកសង្កេតការណ៍បោះឆ្នោត។ សម្ដេចក៏បានណែនាំឱ្យបន្តចូលរួមផ្សព្វផ្សាយស្មារតីនៃកិច្ចប្រជុំនាថ្ងៃនេះដល់សមាជិកសមាជិការនៅតាមមូលដ្ឋានផងដែរ៕