ឃា.ត់.ខ្លួនស្ត្រីម្នាក់.ស.ង្ស័.យ.ជា.ចោ.រ.បានឡើងលើផ្ទះគេ.លួ.ច.មាសនិងលុយ

កណ្តាល៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឃាត់ខ្លួនស្ត្រីម្នាក់សង្ស័យជាចោរបានឡើងលើផ្ទះគេលួចមាសនិងលុយ កាលថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២វេលាម៉ោង១០:៣០នាទី ចំណុចលើផ្ទះជនរងគ្រោះភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ស៊ុ សាវ៉ន ភេទស្រី អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករទីលំនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។ ដោយឡែកជនសង្ស័យឈ្មោះ រាជ យាទ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករទីលំនៅទីលំនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
មន្ត្រីនគរបាលមូលដ្ឋានស្រុកល្វាឯមបានឲ្យដឹងថា កាលពីថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី ជនរងគ្រោះឈ្មោះ ស៊ុ សាវ៉ន បានត្រឡប់មកពីចូលបុណ្យខួប៧ថ្ងៃនៅផ្ទះរបស់ឈ្មោះ ខេន ហើយបានឡើងទៅលើផ្ទះស្រាប់តែឃើញជនសង្ស័យឈ្មោះ រាជ យាទពួនបានកំពុងសម្ងំក្នុងកន្ទេលក្រហមដែលដាក់ហាលលើបង្កាន់ដៃរៀនហាលលើផ្ទះពេលនោះ ជនរងគ្រោះមានអារម្មណ៍ភាន់ភាំងនិយាយមិនកើតដោយមិនបានសួរនាំទៅជនសង្ស័យទេ ហើយជនរងគ្រោះក៏បានចូលទៅក្នុងផ្ទះហៅកូនស្រីឈ្មោះ យិន ចន្ថា ឲ្យឡើងទៅលើផ្ទះស្រាប់តែជនសង្ស័យបានបើកទ្វារផ្ទះហើយស្រែកប្រាប់ជនរងគ្រោះថា ចាំល្ងាចចាំយកលុយមកសងលុយដែរជំពាក់ជនរងគ្រោះចំនួន៥ម៉ឺនរៀលកន្លងមកនោះ រួចចុះពីលើផ្ទះជនរងគ្រោះដើរយ៉ាងលឿនទៅបាត់ទៅ។ ភ្លាមនោះជនរងគ្រោះក៏ចូលទៅមើលក្នុងបន្ទប់របស់កូនស្រីឈ្មោះ យិន ចន្ថា ឃើញទូរដែលដាក់លុយនិងមាសមានសភាពមិនប្រក្រតីហើយក៏ពិនិត្យមើលទើបដឹងថាបាត់លុយនិងមាសដែលដាក់ទុកនៅក្នុងទូរនោះអស់ ភ្លាមនោះជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងគ្រំ។
ក្រោយសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងភ្លាម ក៏បានតាមរកហៅជនសង្ស័យមកសាកសួរនៅចំពោះមុខសមត្ថកិច្ចដែលបានសាកសួរនៅថ្ងៃទី៩ ខែកុម្ភៈនោះតែម្តងនិងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យពុំសារភាពឡើយដោយបញ្ជាក់ហេតុផលថាគេឡើងទៅលើផ្ទះជនរងគ្រោះនោះគឺទៅប្រាប់ជនរងគ្រោះថាលុយដែលជំពាក់៥ម៉ឺនរៀល រងចាំល្ងាចទើបយកទៅសង ប្រាប់រួចក៏ចុះ ត្រឡប់មកផ្ទះវិញ ហើយយកម៉ូតូកូនដែលទើបចេញពីរៀនទៅដូរប្រាក់ចំនួន៥០០ដុល្លារ ដូរជាប្រាក់រៀលនៅកន្លែងវីនវេលុយស្ថិតក្នុងឃុំល្វាសរ បញ្ជាក់ប្រាប់សមត្ថកិច្ចថាជាប្រាក់ដន្លងនៅខេត្តស្វាយរៀងផ្ញើមកឲ្យ និងបានយកវិកយប័ត្រដកប្រាក់មកឲ្យសមត្ថកិច្ច។
ប្រភពព័ត៌មានបានបន្ថែមទៀតថា លុះនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចបានហៅជនសង្ស័យមកសាកសួរម្ដងទៀត ទើបជនសង្ស័យបានសារភាពថាគេពិតជាបានឡើងទៅលើផ្ទះជនរងគ្រោះហើយឃើញកញ្ចប់លុយនិងមាសច្រកថង់ពណ៌ខ្មៅនៅជ្រុះក្បែរបង្កាន់ដៃលើផ្ទះជនរងគ្រោះឃើញមានលុយគេក៏រើសយកកញ្ចប់ថង់ពណ៌ខ្មៅនោះមកផ្ទះតែម្ដងហើយយកទៅលាក់ទុកក្នុងការ៉ុងច្រកកញ្ចប់ថង់ច្រកផ្លែស្វាយលាក់ទុកនៅក្នុងរោងក្រោយផ្ទះហើយបានដកយកតែលុយចំនួន៧០០ដុល្លារយកទៅដូរចាយនឹងសងគេ។
ចំពោះវិក្ក័យបត្រដកប្រាក់ចំនួន៥០០ដុល្លារ ដែលយកមកបង្ហាញឱ្យសមត្ថកិច្ចនោះគឺនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយពីសមត្ថកិច្ចហៅមកសាកសួរហើយបានឲ្យត្រឡប់ទៅផ្ទះវិញគេបានទៅធ្វើជាល្បិចផ្ទេរប្រាក់ចំនួន៥០០ដុល្លារនឹងដកនៅកន្លែងនោះភ្លាមវិញចំនួន៥០០ដុល្លារ ដើម្បីបានវិក្ក័យបត្រដកប្រាក់យកមកបង្ហាញសមត្ថកិច្ចដើម្បីបំភ័ន្តថាប្រាក់ចំនួន៥០០ ដុល្លារនោះគឺជាប្រាក់ដែលដន្លងផ្ញើមកឱ្យមែន។
ជនសង្ស័យខាងលើគឺត្រូវបានកម្លាំងជំនាញនាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី។ ចំពោះសម្ភារៈនិងលុយដែលសមត្ថកិច្ចរកឃើញយកមកវិញរួមមាន៖ ប្រាក់ដុល្លា ចំនួន៤០០០ដុល្លាអាមេរិច, លោហៈធាតុពណ៌ក្រហមប្រភេទខ្សែកមានបន្តោងចំនួន៤ខ្សែ, លោហៈធាតុពណ៌ក្រហមប្រភេទខ្សែដៃចំនួន៣ខ្សែ, លោហៈធាតុពណ៌ក្រហមប្រភេទចិញ្ចៀនចំនួន១វង់, វិក័យបត្រដកប្រាក់ចំនួន១សន្លឹក, ទូរសព្ទដៃពណ៌ខ្មៅចំនួន១គ្រឿង៕

 

អត្ថបទដែលជាប់ទាក់ទង