លោក ឌួង ងៀប ខឹងលោក ផែង វណ្ណៈ ខ្លំាង រហូរជេរប្រមាថ តាមបណ្តាញសង្គម Facebook បង្កការភ្ញាក់ផ្អើល
ភ្នំពេញ៖ ជាការកត់សម្គាល់ លោក ផែង វណ្ណៈ ជាអ្នកសារព័ត៌មានមួយរូប និង ជាបុគ្គលមានភាពល្បីល្បាញក៏បានផ្សព្វផ្សាយជាបន្តបន្ទាប់រឿងរបស់លោក ឌួង ងៀប ផងដែរ ។
បើតាមលោក ផែង វណ្ណៈ គឺ លោក ឌួង ងៀប ខឹងលោកខ្លាំងរហូរជេរប្រមាថលោកតាមបណ្តាញសង្គម Facebook ។
លោកឧកញ៉ា ឌួង ងៀប និង ពាក់ផ្កាយ៣ ផងនោះ កំពុងតែវក់វីខ្លាំងមែនទែន ទាំងបញ្ហាគ្រួសារ និង បញ្ហាបណ្តឹងរបស់ជនជាតិតៃវ៉ាន់ ដែលប្តឹងលោកពីបទ ឆបោក និង ចេញសែកគ្មានប្រាក់ជាង៧លានដុល្លារអាមេរិក ហើយត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការរួចរាល់ហើយដែរ ។ បណ្តាញសារព័ត៌មានជាច្រើន និង អ្នកលេង Facebook បានផ្សព្វផ្សាយយ៉ាងព្រោងព្រាតអំពីសំណុំរឿងរបស់លោក ឌួង ងៀប ដែលជាបុគ្គលមានឈ្មោះល្បីក្នុងសង្គម ។
លោក ផែង វណ្ណៈ សរសេរតាមបណ្តាញសង្គម Facebook កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ មានខ្លឹមសារទាំងស្រុងថា ៖
ព្រឹកម៉ិញ លោកឧត្ដមសេនីយ៍ឯក ឌួង ងៀប ខឹងខ្ញុំខ្លាំងណាស់រហូតយកគណនី ហ្វេសប៊ុកពិតរបស់គាត់ឈ្មោះ Duong Ngeap ខមមិនជេរប្រមាថខ្ញុំអាក្រក់ស្ដាប់ណាស់ ។ បន្ទាប់មកមិនបានប៉ុន្មាននាទីផង លោក ឌួង ងៀប ក៏លប់ខមមិនជេរប្រមាថខ្ញុំចោលវិញ ។ ប៉ុន្តែភ្លាមៗនោះក៏មានគណនី ហ្វេសប៊ុកក្លែងក្លាយឈ្មោះ Veasna Veasna ចូលមកខមមិន ជេរប្រមាថខ្ញុំ គំរាមសម្លាប់ខ្ញុំ គំរាមគប់ឡានខ្ញុំ ដែលខ្លឹមសារគំរាមនោះ ស្រដៀងខ្លឹមសារលោក ឌួង ងៀប ខមមិន ដែរ ។ តាមពិតទៅខ្ញុំស៊ាំហេីយរឿងគេគំរាមកំហែង រឿងគេប្រមាថនោះ ។ តែខ្ញុំចង់ប្រាប់ លោក ឌួង ងៀប ថា លោក ស្គាល់ប្រវត្តិខ្ញុំច្បាស់ណាស់ថា ខ្ញុំមិនចេះខ្លាចការគំរាមកំហែងរបស់អ្នកណាទេ ខ្ញុំគ្រាន់តែចង់ប្រាប់លោកថា លោកកុំបន្តបង្កបញ្ហាច្រើនថែមទៀត លោកគួរព្យាយាមរកវិធីដោះស្រាយបញ្ហារបស់លោកដែលកំពុងជាប់ចោទតាមផ្លូវតុលាប្រសើរជាង ។
លោកមានចំណុចល្អមួយ ពេលលោកបរិហារកេរ្តិ៍ស្ថាប័នតុលាការដោយគ្មានមូលដ្ឋានរួចលោកចេះប្រញាប់ប្រញាល់សុំទោស ហើយលោក ខមមិនជេរប្រមាថខ្ញុំរួចលោកក៏លប់ចេញវិញ ។ ធ្វើខុសចេះកែជារឿងល្អ តែកុំខឹងគេនិយាយអាក្រក់ពីលោក បើលោកបានធ្វើខុសមែន ៕