ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាប់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ ប្រជាពលរដ្ឋ ដោយជ្រកក្រោមរូបភាព ជាគ្រូទាយ

ពោធិ៍សាត់: នៅ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យ បួននាក់ ជាប់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ ប្រជាពលរដ្ឋ ដោយជ្រកក្រោមរូបភាព ជាគ្រូទាយ ។
នៅព្រឹកថ្ងៃទី១៣ កុម្ភៈនេះ ប្រជាពលរដ្ឋ បួនគ្រួសារ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្ដិ៍នគបាល មូលដ្ឋាន ឃុំប្រម៉ោយ ស្រុកវាកវែង ដោយចោទប្រកាន់ជនសង្ស័យ ទាំង បួននាក់ ខាងលើថា បានឆបោកប្រាក់របស់ពួកគាត់ ។
ក្រោយពីទទួលបានបណ្ដឹងរបស់ ប្រជាពលរដ្ឋភ្លាម ខាងលោកបានចុះស្រាវជ្រាវ និងឃាត់ខ្លួន នាំយកមកអធិការដ្ឋាន នគបាលស្រុកវាលវែង ដើម្បីសាកសួរ ហើយបានរាយការណ៍ជូនស្នងការនគបាល ខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ ស ថេង និងសុំការអនុញ្ញាតពីលោកព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តពោធិ៍សាត់ លោក កូយ កាន់យ៉ា បន្តការសាកសួរ។
ជនសង្ស័យទាំង បួននាក់ ខាងលើ រួមមានៈ ១.ឈ្មោះ ព្រំ ច្រឹប អាយុ៤២ឆ្នាំ រស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាគ្រូទស្សន៍ទាយ , ២.ឈ្មោះ ពិន សីហា អាយុ ៣៣ ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា ត្រូវជាប្ដី របស់ឈ្មោះ ព្រំ ច្រឹប , ៣.ឈ្មោះ សេង វឿន អាយុ ៤៥ ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង៤.ឈ្មោះ យ៉ាវ នឿន អាយុ ៤៣ ឆ្នាំ រស់នៅជាមួយគ្នា ត្រូវជាប្រពន្ធរបស់ឈ្មោះ សេង វឿន បានបើករថយន្ត ម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-6693 ទៅឃុំអូរសោម និងឃុំថ្មដា ដើរទស្សន៍ទាយ មើលរាសី និងឆបោកប្រជាពលរដ្ឋ ចំនួន បួននាក់ មានឈ្មោះ ដូចខាងក្រោមៈ
១.ឈ្មោះ ស៊ី សុភ័ស្ភ អាយុ ៣៦ ឆ្នាំ អស់ទឹកប្រាក់ ៨.០០០.០០០ រៀល។ ២.ឈ្មោះ សុី សុភី អស់ទឹកប្រាក់ចំនួន ៨០០.០០០ រៀល ។ ស្ដ្រីពីរនាក់នេះ រស់នៅភូមិឆាយលូក ឃុំអូរសោម ។ ៣.ឈ្មោះ សំ ម៉ៅ ភេទស្រី អាយុ ៥៤ ឆ្នាំ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា អស់ទឹកប្រាក់ចំនួន ៨.០០០.០០០ រៀល និង៤.ឈ្មោះ ឆែ ណង ភេទស្រី អាយុ ២៣ ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា អស់ទឹកប្រាក់ចំនួន ៨០០ ដុល្លារ និងលុយខ្មែរ ១.១០០.០០០ រៀល ។
ជនសង្ស័យ ទាំង បួន នាក់ រួមនឹងវត្ថុតាង រថយន្តមួយគ្រឿង ត្រូវបានសមត្ថកិច្ច ជំនាញ ស្រុកវាលវែង គ្រោងនឹងបញ្ជូនបន្ត ទៅស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃនេះ ៕

អត្ថបទដែលជាប់ទាក់ទង