មេឈ្មួញឈើដុះស្លែឈ្មោះចែនី និងបក្ខពួក កំពុងសម្រុកដឹកឈើតាមរថយន្តសាំងយ៉ុង ចេញពីតំបន់ព្រៃឡង់ យ៉ាងគគ្រឹកគគ្រេង 

ខេត្តក្រចេះ ÷ បើទោះបីរដ្ឋាភិបាលបានចំណាយលទ្ធភាពយ៉ាងក្រាស់ក្រែលរួមទាំងវិធានការតឹងរឹងដើម្បីទប់ស្កាត់ការបំផ្លាញព្រៃឈើដែលនៅសល់តិចតួចយ៉ាងណាក្ដី ក៏ប្រជាពលរដ្ឋរាយការណ៍មកថា វានៅតែត្រូវបានគេបង្ហូរឈើចេញយ៉ាងគគ្រឹកគគ្រេងពីតំបន់ព្រៃឡង់ដែលត្រូវបានគេផ្ដល់រហស្សនាមថា ជាអាម៉ាហ្សោនកម្ពុជានោះ។

បើទោះជាដូចច្នេះក៏ដោយ ត្រូវគេឃើញរថយន្តដឹកឈើឆ្លងកាត់នៅតំបន់ស្នាក់ការដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាននៅតំបន់ព្រៃឡង់។

តាមប្រភពថា នៅយប់ថ្ងៃទី១១ខែ កុម្ភៈ ម្សិលមិញ មានឈើច្រៀកជាច្រើនម៉ែត្រគូបត្រូវបានគេដឹកតាមរថយន្តតួរីសឃ្លុំជិតជាច្រើនគ្រឿងឆ្លងកាត់ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ ។ ឈើទាំងនោះត្រូវបានគេប្រាប់ថា ជារបស់ឈ្មួញឈើចាស់វស្សាឈ្មោះ(នី )ដែលបានជួលប្រជាពលរដ្ឋឲ្យទៅដេកកាប់ និងច្រៀកនៅតំបន់ព្រៃឡង់ ។

សេចក្ដីរាយការណ៍បន្ថែមថា ដោយឃើញមានការនាំឈើចេញមានសភាពងាយស្រួលដូច្នេះក៏មានឈ្មួញឈើជាច្រើនទៀតដែលកន្លងទៅនៅស្ងៀមក៏ចាប់ផ្ដើមកម្រើកឡើងវិញដូចជាស្ត្រីដែលគេស្គាល់ឈ្មោះថា(ចែដែតៗ និងចែដែន)ជាដើម ។  នៅតាមផ្លូវគេឃើញមានប៉ុស្តិ៍ត្រួតពិនិត្យរបស់ស្ថាប័នជំនាញជាច្រើនដែរ តែប៉ុស្តិ៍ត្រួត ពិនិត្យទាំងនោះមានន័យត្រឹមតែជាខ្ទមអ្នកតាចាំទទួលសំណែនពីឈ្មួញឈើទាំងនោះតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង