នៅភ្នំពេញ ក៏ដូចជាបណ្តាខេត្ត នឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ
ភ្នំពេញៈ លោកចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យដឹងថា មានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងកម្រិតពីតិចដល់បង្គួរ ភាគច្រើនភ្លៀងកើតមាននៅពេលល្ងាច និងយប់ ដោយសារឥទ្ធិពលជ្រលងសម្ពាធទាបរុញមកពីភាគអាគ្នេយ៍។
នៅភ្នំពេញក៏ដូចជាបណ្តាខេត្ត នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ ដោយសារឥទ្ធិពលនៃជ្រលងសម្ពាធទាបរុញមកពីភាគ អាគ្នេយ៍ ខណៈពេលរបបខ្យល់មូសុងឦសានស្ទើរតែលែងមានឥទ្ធិពល។បាតុភូតឡានីណានៅមានឥទ្ធិពលក្នុងកម្រិត៧៧ភាគរយនិងចុះមកនៅរង្វង់៥៥ភាគរយនៅក្នុងខែឧសភា ដែលអាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងរដូវប្រាំងដែលមិនសូវក្តៅហួតហែងនេះ នៅថ្ងៃទី១៤ និងទី១៥ ខែកុម្ភៈ ឆ្នំា២០២២នេះ ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់មកជាបន្តបន្ទាប់តែវាមិនរាយប៉ាយគ្រប់ទីកន្លែងដូចជានៅថ្ងៃទី១៤ និង១៥ ខែកុម្ភៈនេះទេ ចូលដល់ថ្ងៃទី១៦ខែកុម្ភៈភ្លៀងចាប់ផ្តើមចុះខ្សោយវិញ ព្រមពេលជាមួយនឹងរបបខ្យល់មូសុងឦសានក៏ចុះខ្សោយស្ទើរតែអស់ទៅវិញដែរ។ ខ្យល់ភាគច្រើនរុញមកពីភាគអគ្នេយ៍ជាមួយនឹងពពកភ្លៀងបន្តបន្ទាប់។
នៅរាជធានីភ្នំពេញក៏មានភ្លៀងដែរនៅថ្ងៃទី១៤ ខែកុម្ភៈ តែនៅពេលយប់បន្តិច។ ប្រទេសកម្ពុជានៅពេលនេះស្ថិតក្រោមឥទ្ធិពលនៃបាតុភូតឡានីណាក្នុងកម្រិតប្រមាណជា៧៧ភាគរយដែលងាយបង្កឱ្យមានភ្លៀងធ្លាក់កើតឡើងណាស់ហើយបាតុភូតនេះ អាចនឹងថយចុះមកនៅក្នុងរង្វង់៥៥ភាគរយនៅក្នុងខែឧសភា អាចនឹងធ្វើឱ្យមានភ្លៀងធ្លាក់ល្អនៅដើមរដូវវស្សាខាងមុខ។
របាយទឹកភ្លៀងធ្លាក់រយៈ២៤ម៉ោងត្រឹមព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ដែលកត់ត្រាដោយក្រសួងធនធានទឹក និងឧតុនិយមបានបង្ហញាឱ្យឃើញថា នៅខេត្តបន្ទាយមានជ័យមានបរិមាណពីតិចដល់៤៥មីលីម៉ែត្រ, បាត់ដំបងមានភ្លៀងពី២ដល់៥មីលីម៉ែត្រ, ពោធិ៍សាត់មានភ្លៀងពី៤ដល់៧មីលីម៉ែត្រ , មណ្ឌលគិរីមានភ្លៀងពី៧ដល់១៤មីលីម៉ែត្រ, ត្បូងឃ្មុំមានភ្លៀងពី៤ដល់៤៣មីលីម៉ែត្រ, កណ្តាលមានភ្លៀងពីតិដល់៧មីលីម៉ែត្រ, ស្វាយរៀងមានភ្លៀងពីតិច៥មីលីម៉ែត្រ, ព្រៃវែងមានភ្លៀងពីតិចដល់២១មីលីម៉ែត្រ,កំពតមានភ្លៀងពី៨ដល់១៣មីលីម៉ែត្រ, ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំក៏មានភ្លៀងនៅលើច្រើនស្រុកក្នុងកម្រិតពីខ្សោយទៅមធ្យម។
ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី៣ ខែកុម្ភៈនេះបានជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី១សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០២២ថា ដោយ យោងតាមការវិវត្តអាកាសធាតុជាសកលនៅក្នុងតំបន់ក៏ដូចជានៅក្នុងប្រទេសឃើញថាសីតុណ្ហភាពអប្បបរមាក្នុងខែកុម្ភៈ ស្ថិតនៅក្នុងរង្វង់ពី១៨ទៅ២១អង្សាសេ នៅតំបន់មាត់សមុទ្រស្ថិតក្នុងរង្វង់ពី២០ទៅ២៣អង្សាសេ នៅក្នុងខែមេសា និងឧសភាសីតុណ្ហភាពអតិបរមាមានជាមធ្យមពី៣៥ទៅ៣៩អង្សាស អាចមានភ្លៀងកក់ខែធ្លាក់ពីមធ្យមទៅច្រើនហើយរដូវវស្សានិងចូលមកដល់នៅដើមខែឧសភា។
ក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនេះបានសរសេរលម្អិតថាផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថាចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជានៅបន្តទទួលរងនូវឥទ្ធិពលពីបាតុភូតឡានីណា (La Nina) ប្រមាណជា៨៥ភាគរយ និងថយចុះសន្សឹមៗឆ្ពោះទៅរកបាតុភូត Neutral ដែលជាបាតុភូតនៅចន្លោះរវាងអែលនីណូ El Nino (ក្តៅ) និងឡានីណា La Nina(ត្រជាក់) ប្រមាណជា៧០ភាគរយវិញ ព្រមពេលជាមួយគ្នានឹងបាតុភូត El Nino កើនបានប្រមាណជា១០ភាគរយ។
នៅក្នុងសេចក្តីជូនដំណឹងបានបង្ហាញឱ្យឃើញទៀតថាក្នុងរដូវប្រាំងនេះសីតុណ្ហភាពអាចស្ថិតទាបជាងមធ្យមភាគច្រើនឆ្នាំ។ នៅក្នុងខែកុម្ភៈបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាស្ថិតនៅក្នុងរង្វង់ពី២១ទៅ២៤អង្សាសេ។ នៅតំបន់ខ្ពង់រាបនិងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមាអាចស្ថិតនៅក្នុងរង្វង់ពី១៨ទៅ២១អង្សាសេ និងតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាអាចស្ថិតក្នុងរង្វង់ពី២០ទៅ២៣អង្សាសេ។
ចាប់ពីខែមេសា ដល់ខែឧសភាសីតុណ្ហភាពនឹងកើនឡើងជាបន្តបន្ទាប់ក្នុងនោះបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពមធ្យមអតិបរមាអាចមានពី៣៥ទៅ៣៨អង្សាសេ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពមធ្យមអតិបរមាអាចមានពី៣៤ទៅ៣៧អង្សាសេ សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងមានពី៣២ទៅ៣៥អង្សាសេ។ នៅក្នុងខែមេសា និងខែឧសភាសីតុណ្ហភាពអតិបរមាអាចនឹងកើនដល់ក្នុងរង្វង់ពី៣៧ទៅ៣៩អង្សាសេ ។
នៅក្នុងសេចក្តីជូនដំណឹងសរសរទៀតថាស្ថានភាពទឹកភ្លៀងអាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំនិងច្រើនជាងឆ្នាំ២០២១។ចាប់ពីខែកុម្ភៈរហូតដល់ដើមខែឧសភាអាចមានភ្លៀងកក់ខែពីមធ្យមទៅច្រើន។ ទន្ទឹមនោះក៏មានបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ច្រើនផងដែរ ។លោកលឹមគានហោបានបញ្ជាក់ នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថាសម្រាប់ដើមរដូវវស្សាឆ្នាំ២០២២នៅតំបន់វាលទំនាបនិងតំបន់មាត់សមុទ្រអាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា និងតំបន់ខ្ពង់រាប អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី២នៃខែឧសភា។ទោះបីនៅក្នុងរដូវប្រាំងនិងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើន តែបរិ មាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។ អាស្រ័យហេតុនេះសូមបងប្អូនបន្តរក្សានិងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក៕