ទម្លាយរឿងលោក តែ តាំងប៉ រំលោភយកដីទ័ព
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ យោងតាមលិខិតបំភ្លឺ របស់គណៈកម្មការគ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋានសមុទ្រ បានឲ្យដឹងថា គណៈកម្មការគ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានបញ្ជាក់ថា ដី១.២០០ ហិកតា គឺជាដីរបស់រដ្ឋស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងការពារជាតិ ដែលបានសម្រេចប្រគល់ជូនកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ គ្រប់គ្រង ទុកសម្រាប់សាងសង់ជំរំជម្រកទ័ព ធ្វើការអភិវឌ្ឍន៍និងចែកជូនដល់គ្រួសារកងទ័ព ដែលស្នាក់នៅក្នុងតំបន់នេះ។ ចំពោះការឃុបឃិត ចាប់យកទិញ-លក់ និងលួចលាក់ចេញប័ណ្ណកម្មសិទ្ធិរបស់លោក តែ តាំងប៉ ក្នុងខែកក្កដា ឆ្នាំ១៩៩៧ គឺជារឿងខុសច្បាប់ ធ្វើឡើងដោយស្ងាត់កំបាំងមិនមានការដឹងឭ ពីកងទ័ពជើងទឹក នឹងក្រសួងការពារជាតិនោះឡើយ។
លិខិតបំភ្លឺបានរៀបរាប់ថា គណៈកម្មការគ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋានសមុទ្រ សូមធ្វើការស្រាយបំភ្លឺ ចំពោះករណី លោក តែ តាំងប៉ ដែលបានចេញលិខិត នៅលើគេហទំព័រសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ស្ដីអំពីទំនាស់ដីធ្លី ស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងលោក តែ តាំងប៉ ជាមួយក្រុមគ្រួសារកងទ័ពជើងទឹក(រាម)។
គណៈកម្មការគ្រប់គ្រងអចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋានសមុទ្របានធ្វើការស្រាយបំភ្លឺជូនសាធារណៈជន និងលោក តែ តាំងប៉ ថា ៖
១.ចំពោះដី ១.២០០ហិកតា គឺជាដីរបស់រដ្ឋស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងការពារជាតិ ដែលបាន សម្រេចប្រគល់ជូនកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ គ្រប់គ្រង ទុកសម្រាប់សាងសង់ជំរំជម្រកទ័ពធ្វើការអភិវឌ្ឍន៍ និងចែកជូនដល់គ្រួសារកងទ័ព ដែលស្នាក់នៅក្នុងតំបន់នេះ។
-ចំពោះការឃុបឃិត ចាប់យកទិញ-លក់ និងលួចលាក់ចេញប័ណ្ណកម្មសិទ្ធិ របស់លោក តែ តាំងប៉ ក្នុងខែកក្កដាឆ្នាំ១៩៩៧ គឺជារឿងខុសច្បាប់ ធ្វើឡើងដោយស្ងាត់កំបាំង មិនមានការដឹងឭ ពីកងទ័ពជើងទឹក នឹងក្រសួងការពារជាតិ នោះឡើយ ហើយថ្ងៃខែឆ្នាំនៃការចុះអង្កេតដី និងចេញប័ណ្ណកម្មសិទ្ធិនោះទៀតសោធ គឺមានភាពមិនប្រក្រតី ព្រោះពេលនោះប្រទេសជាតិកំពុងស្ថិតនៅក្នុងភាពវឹកវរ ដែលបង្កឡើងដោយ ក្រុមជ្រុលនិយមប្រដាប់អាវុធ(ព្រឹត្តិការណ៍០៥-០៦/កក្កដា/១៩៩៧) ហើយនៅក្នុងកាលៈទេសៈនោះផងដែរ កងទ័ព ជើងទឹកបានចេញបទបញ្ជាឱ្យមូលដ្ឋានសមុទ្រ បិទការចេញ-ចូល និងធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ព្រមទាំងពុំមានសមត្ថកិច្ច ឬ សា្ថប័នណាមួយហ៊ានចេញ-ចូលដោយគ្មានការអនុញ្ញាតពីអង្គភាពឡើយ (អង្គភាព ប្រកាសបិទការចេញ-ចូល មុន៣ខែ និង២ខែក្រោយព្រឹត្តិការណ៍០៥-០៦/កក្កដា/១៩៩៧)។ -ម្យ៉ាងវិញទៀត រាល់ការទិញ-លក់ដីក្នុងតំបន់នេះ (ដីចំនួន១០៣ហិកតា និង១៧ហិកតា) របស់លោកតែ តាំងប៉ គឺគ្មានបុគ្គល ឬនាយទាហានរូបណា មានសិទ្ធអំណាច លក់-ទិញ ដោះដូរបាននោះទេ ដោយហេតុ ថាដីចំនួន១២០០ហិកតា នេះ ជាទ្រព្យសម្បត្តិរបស់រដ្ឋ (តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងកន្លងមក៖ ដី១.២០០ហិកតានេះ គឺជា ដីរបស់រដ្ឋ មិនមានបុគ្គលណាម្នាក់មានសិទ្ធិអំណាច ក្នុងការចាប់យក ទិញ-លក់ដូរបានឡើយ ហើយបុគ្គល ទាំងឡាយណាដែលបានឃុបឃិតគ្នា រំលោភបំពានយកដោយខុសច្បាប់ ត្រូវប្រគល់ជូនរដ្ឋវិញជាដាច់ខាត)។
២.ចំពោះករណីដែលលោក តែ តាំងប៉ បានចោទប្រកាន់មកលើលោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកមេបញ្ជការមូលដ្ឋានសមុទ ថា បានឯកភាពដឹងលឺលើការទិញ-លក់ដី (ចំនួន១០៣ហិកតា និង១៧ហិកតា និងបានទទួលប្រាក់មួយចំនួនទៀតនោះ គឺជារឿងចោទប្រកាន់មិនពិត និងគ្មានមូលដ្ឋាន ច្បាស់លាស់ មានបំណងបង្កាច់បង្អួចកិត្តិយស កេរ្តិ៍ឈ្មោះ លោកមេបញ្ជាការមូលដ្ឋានសមុទ្រ ក៏ដូចជាកងទ័ព ជើងទឹកទាំងមូល ដែលធ្វើឡើងជាច្រើនលើកច្រើនសារ តាមគ្រប់រូបភាពជាសាធារណៈ (សារព័ត៌មាន បណ្តាញ សង្គម និងប្ដឹងទៅតុលាការ)។
៣.ចាប់តាំងពីពេលដែល លោក តែ តាំងប៉ បានមកឃុបឃិត រំលោភបំពាន ទិញ-លក់ ធ្វើប័ណ្ណកម្មសិទ្ធិលើដីក្នុងតំបន់នេះ លោកតែងតែបានបង្កទំនាស់ប្តឹងឡើងតុលាការ ផ្សព្វផ្សាយព័ត៌មានមិនពិតផ្សេងៗ និង បង្កើតបញ្ហាជាច្រើនមិនចេះចប់មិនចេះហើយ មានដូចជា៖
-បានបិទផ្លូវសាធារណៈ ដែលជាផ្លូវអាស្រ័យផល របស់ប្រជាពលរដ្ឋ ក៏ដូចជាគ្រួសារកងទ័ព -ក្លែងឯកសារស្តីពីកសាង ជួសជុល៍សាលារៀន ដោយចាប់បង្ខំនាយិកាសាលា អាជ្ញាធរ ឲ្យយទទួលស្គាល់
-បានប្ដឹងទៅតុលាការ និងបង្កទំនាស់ជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព រួមមាន៖
+ឯកឧត្តម នាយឧត្តមសេនីយ៍ មាស ថង រដ្ឋលេខាធិការក្រសួងការពារជាតិ +មេបញ្ជាការមូលដ្ឋានសមុទ្រ ព្រមទាំងក្រុមគ្រួសារ
+ឃ្លាំងប្រេងឥន្ធនៈ ភីធីធី, ក្រុមហ៊ុនអាឡាំងដឺង៉ុយ, ក្រុមហ៊ុនស៊ីធីស្តារ +ប្រជាពលរដ្ឋក្នុងតំបន់ ដែលមានដីនៅជិតគាត់លោក សួង រ័ត្នសារ៉ាយ, លោក ហ៊ាន ឈៀងឈុន, លោកស្រី ងូន អេង, លោក អាំង លីអេង………+គ្រួសារកងទ័ពចំនួន៦០គ្រួសារ ដែលជាការពិត ប្រជាពលរដ្ឋ និងគ្រួសារកងទ័ពទាំងអស់នេះ បានតាំងទីលំនៅរស់នៅ អាស្រ័យផល ដោយស្របច្បាប់ ដែលមានទទួលស្គាល់ពីអាជ្ញាធរ និងអង្គភាពមូលដ្ឋានសមុទ អស់រយៈពេលជាង៣០ឆ្នាំ (តាំងពីឆ្នាំ១៩៨៩-១៩៩០) កន្លងមកហើយ តែត្រូវបានលោក តែ តាំងប៉ ប្តឹងពួកគាត់ទាំងនោះថា កំពុងរស់នៅ លើដីរបស់ខ្លួនទៅវិញ ថែមទាំងបានប្ដឹងពួកគាត់ទៅតុលាការជាច្រើនលើកច្រើនសារថែមទៀត។ ដោយមិនអាចទទួលរងនូវការឈឺចាប់ទាំងនេះបាន ទើបមកដល់ឆ្នាំ២០០៦ ពួកគាត់បានសម្រេចចិត្តដាក់ពាក្យគោរព ស្នើសុំទៅ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ ស្វែងរកយុត្តិធម៌ ដើម្បីឱ្យ ពួកគាត់បានរស់នៅមានសេចក្តីសុខ ដូចប្រជាពលរដ្ឋដ៏ទៃទៀតដែរ។
ជាងនេះទៅទៀត ទោះបីជាមានដីកា សម្រេចច្រានចោលការចោទប្តឹងរបស់លោក តែ តាំងប៉ ពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងមហាអយ្យការអមសាលាឧទ្ធរណ៍ក្តី ក៏លោក តែ តាំងប៉ មិនទទួលស្គាល់ ហើយនៅតែបន្តសកម្មភាពរំលោភបំពាន ប្តឹងផ្តល់ មកលើពួកគាត់ដដែល តាមរយៈការក្លែងឯកសារប្ដឹងទៅជាបណ្តឹងរដ្ឋប្បវេណី ទៅសាលាដំបូងខេត្ត ព្រះសីហនុ ដើម្បីធ្វើការចោទប្រកាន់ប្រជាពលរដ្ឋថា កំពុងរស់នៅលើដីរបស់គាត់ទៅវិញ។
ក្នុងនាមគណៈកម្មការគ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ សូមប្រកាសដល់ថា៖
១.គណៈកម្មការ ប្តេជ្ញាការពារនូវទ្រព្យសម្បត្តិជាតិ មិនអនុញ្ញាតឱ្យជនខិលខូច និងឈ្មួញទុច្ចរិតណាម្នាក់ ចូលមករំលោភបំពានយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនបានជាដាច់ខាត
២.ចូលរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ សន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព ដែល បាននឹងកំពុងរស់នៅ អាស្រ័យផល ដោយទទួលបានមកពីការចែកជូនរបស់អង្គភាព និងមានការទទួលស្គាល់ពី អាជ្ញាធរដែនដី និងគណៈកម្មការអចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋានសមុទ។
គណៈកម្មការគ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋានសមុទ្របានសង្កត់ធ្ងន់ថា ទិដ្ឋភាព និងសកម្មភាពយ៉ងគគ្លីន ក្នុងចេតនាទុច្ចរិតបែបនេះ គណៈកម្មការគ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋានសមុទ សូមព្រមានដល់បុគ្គលទាំងឡាយណា ដែលបានមកឃុបឃិត រំលោភបំពាន ទិញ-លក់ ធ្វើប័ណ្ណកម្មសិទ្ធិ លើដីក្នុងតំបន់នេះត្រូវ ៖ ១.បញ្ឈប់ជាបន្ទាន់រាល់សកម្មភាព កាងចាប់យក លួចទិញ-លក់ ធ្វើប័ណ្ណកម្មសិទ្ធិ ខុសច្បាប់ ហើយត្រូវប្រគល់ដីទាំងនោះឱ្យមករដ្ឋ និងក្រសួងការពារជាតិវិញ (ដូចករណីលោក តែ តាំងប៉ ជាអាទិ៍)។ ២.បញ្ឈប់ជាបន្ទាន់ រាល់ការញុះញង់ បរិហារកេរ្តិ៍ ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់កងទ័ព ដែលបានបមើ លះបង់ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងសុខសន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ៕