ខ្លំាងមែន! ភ្ញាក់ផ្អើល មន្ត្រីអាវុធហត្ថខេត្តតាកែវម្នាក់ ជិះម៉ូតូដេញបាញ់ពលរដ្ឋមួយគ្រួសារ ករណី ទំនាស់គ្នាបន្តិចបន្តួច
តាកែវ៖ តាមការបញ្ជាក់ពីឈ្មោះ ចាក់ សុវណ្ណរ៉ា រស់នៅភូមិសំបួរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ជាជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារពីមន្ត្រីអាវុធហត្ថរូបនេះថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២២និង៣៥នាទីយប់ ខ្លួនបានបើកបររថយន្តជូនឪពុកមា ទៅផ្ទះដែលនៅក្បែរគ្នា ក៏បានជួបឈ្មោះ មឹក ជុង កំពុងតែហូបចុកស្រវឹង និងបានហៅពូរបស់ខ្លួនហូបស្រាជាមួយដោយសម្តីអាមឹង មិនសមរម្យ។ ភ្លាមៗនោះជនរងគ្រោះក៏ប្រាប់ថា ពូខ្លួនអាយុច្រើនហើយ កុំហៅគាត់ អាៗចឹង រហូតមានទំនាស់ពាក្យសម្តីនិងប្រតាយប្រតប់គ្នាបន្តិចបន្ទួចទៅ។
មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ បម្រើការជាជំនួយការផ្នែកព្រហ្មទណ្ឌ បានជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពបាញ់ប្រហារជាច្រើនគ្រាប់យ៉ាងកំរោលទៅលើប្រជាពលរដ្ឋមួយគ្រួសារដែលកំពុងបើកបររថយន្ត ក្រោយមានទំនាស់ពាក្យសម្តី និងប្រតាយប្រតប់គ្នាបន្តិចបន្ទួច។
ក្រោយមានការប្រតាយប្រត់បគ្នា ខ្លួនបានបើករថយន្តនាំប្រពន្ធកូនត្រឡប់មកផ្ទះវិញ ជិះបានប្រហែល៥០០រយម៉ែត្រ ស្រាប់តែឈ្មោះ មឹក ជុង ជិះម៉ូតូម៉ាក PCX មានដឹកស្រីស្នេហ៍ម្នាក់តាមមកពីក្រោយ និងដកកាំភ្លើងខ្លីបាញ់សំដៅមកខ្លួនចំនួន៣ ទៅ៤គ្រាប់ បណ្តាលឲ្យត្រូវតួរថយន្តខាងក្រោយ១គ្រាប់ និងខាងស្តាំ១គ្រាប់ ហើយក៏បានដួលម៉ូតូទៅ ទើបខ្លួនគេចផុតពីការបាញ់ប្រហារ។
ជុំវិញករណីនេះ លោកឧត្តមសេនីត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ករណីនេះ ផែនជំនាញនៃកងរាជអាវុធហត្ថខេត្តតាកែវកំពុងពន្លឿនដោះស្រាយតាមនីតិវិធីជូនជនរងគ្រោះ។
ជនរងគ្រោះមានប្រពន្ធនិងកូន៤នាក់ ដែលរួចផុតជីវិតពីការបាញ់ប្រហារយ៉ាងកំរោលពីមន្ត្រីអាវុធហត្ថនេះ ទន្ទឹងរង់ចាំមើលចំណាត់ការផ្លូវច្បាប់ ខណៈករណីនេះបានកើតឡើង១០ថ្ងៃមកហើយ ជនបង្កនៅតែមានសេរីភាពមិនត្រូវបានអនុវត្តិទោសទន់ ឬមួយមេ ចិត្តមិនដាច់ពីកូនចៅ៕