បទល្មើសចំនួនប្រាំពីរ មិនបិទបញ្ចប់ត្រឹមជាប់ទោស ក្នុងពន្ធនាគារឡើយ គឺនឹងជាប់ជំពាក់ការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់ និងហិរញ្ញទានភេរវកម្មបន្ថែមទៀត
កំពង់ចាមៈ លោកនាយឧត្តមសេនីយ៍ថ្លែងឱ្យប្រុងប្រយ័ត្ននេះ ចេញពីក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាបញ្ជាដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ចាមថ្មី ដែលមានអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្ត នៅតំបន់ទីប្រជុំជនត្រើង ស្រុកកំពង់សៀម កាលពីថ្ងៃទី ១៥ កុម្ភៈ ឆ្នំា២០២២នេះ។ លោកបន្តថាយើងទាំងអស់ គ្នា ក្រៅពីប្រុងប្រយ័ត្នជំងឺកូវីដ ១៩ គឺត្រូវយកចិត្តទុកដាក់ចំពោះការឃោសនា បំភ្លើសការពិត ។ជាពិសេសតាមបណ្តាញសង្គម ដោយសារជាសម័យឌីជីថលបង្កើតឧក្រិដ្ឋកម្ម, រឿងមិនល្អ ដែលធ្វើឱ្យយើងជឿ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រាប់ដល់ ឧកញា មន្ត្រី បងប្អូន ប្រជាពលរដ្ឋជាអាជីវករ ត្រូវប្រុងប្រយ័ត្ននឹងបទល្មើសចំនួនប្រាំពីរ មិនបិទបញ្ចប់ត្រឹមជាប់ទោសក្នុងពន្ធនាគារឡើយ គឺនឹងជាប់ជំពាក់ការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញទានភេរវកម្មបន្ថែមទៀត។
លោកនាយឧត្តមសេនីយ៍បានថ្លែងទៀតថា អ្វីដែលលោកចង់លើកមកនិយាយនាឱកាសនេះ គឺប្រទេសកម្ពុជានាពេលនេះ ស្ថិតក្នុងការស៊ើបអង្កេតរបស់អង្គការ«អាថេម»ដែលជាអង្គការស៊ើបអង្កេតហិរញ្ញវត្ថុ ទាក់ទងនឹងបទល្មើសសម្អាតប្រាក់ដែលមានចំនួន ប្រាំពីរបទល្មើស។
បទល្មើសទាំងប្រាំពីរក្នុងនោះមានបទល្មើស ជួញដូរ និងផលិតគ្រឿងញៀនខុសច្បាប់, ការជួញដូរមនុស្ស, អំពើពុករលួយ, បទល្មើសធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ, បទល្មើសរត់ពន្ធ និងនាំសាច់ប្រាក់ខុសច្បាប់, បទល្មើសពន្ធដារ និងបទល្មើសក្លែងបន្លំ។ ទាំងប្រាំពីរបទល្មើសនេះដែលយើង ត្រូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់កាលណាគេស្រាវជ្រាវរកឃើញបទល្មើសណាមួយក្នុងចំណោមប្រាំពីរបទល្មើសនេះ គឺការស៊ើបអង្កេតមិនបញ្ចប់ត្រឹមដាក់ពន្ធនាគារ ដោយសារការប្រព្រឹត្តបទល្មើសតាមច្បាប់ព្រហ្មទណ្ឌទេ ប៉ុន្តែការស៊ើបអង្កេតការសម្អាតប្រាក់ និងហិរញ្ញទានភេរវកម្ម នឹងបន្ត។
សូមបញ្ជាក់ថា ទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ចាមថ្មីដែលបាន និងកំពុងបើកដំណើរការសាងសង់លើផ្ទៃដីទំហំជាង បីហិកតា នៅក្បែរតំបន់ទីប្រជុំជនត្រើង ក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀមនាពេល គឺជាទីតាំងអំណោយ ផលទាំង ដល់ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងការបង្ក្រាបបទល្មើសនានាពោល គឺមានលក្ខណៈធំទូលាយជាងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅក្នុងក្រុងកំពង់ចាមសព្វថ្ងៃ៕