អ្នកនាំពាក្យ អយ្យការអមសាលាដំបូងធ្វើលិខិតអញ្ជើញអភិបាលស្រុកព្រះនេត្រព្រះ និងមេឃុំប្រាសាទ គឺជាការសាកសួរ……
បន្ទាយមានជ័យ: នៅថ្ងៃទី១៦ខែកុម្ភ:ឆ្នាំ២០២២ លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តនិងជាមន្ត្រីនាំពាក្យរដ្ឋបាល ខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មាន ដោយបំភ្លឺថា « ករណីលិខិតរបស់អយ្យការខេត្ត លើលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះនិងលោកមាស ហ៊ឹក មេឃុំប្រាសាទគឺជាការអញ្ជើញទៅសាកសួរឬបំភ្លឺក្នុង ការងាររដ្ឋបាលប៉ុណ្ណោះ មិនមែនដីការកោះឬដីការបង្គាប់ឱ្យចូលខ្លួនដូចដែលអ្នកខ្លះបង្វែរអត្ថន័យ ហើយមានការចុះផ្សាយខ្លះកន្លងមកនោះទេ”។
លោកថា “ខ្ញុំអាចជម្រាបបានថា សម្រាប់ខេត្តបន្ទាយមានជ័យមានពីរករណីដែលត្រូវបានអយ្យការអមតុលាការសម្រេច ឃុំខ្លួន គឺទី១.លោកអែមណុយ អតីតមេឃុំភ្នំលៀបម្នាក់ និង២.ឈ្មោះ ឈួម ធូ ភេទប្រុស ៥៧ឆ្នាំជាមន្ត្រីអាជ្ញាធរ ទន្លេសាប ។ ប៉ុន្តែគេឃាត់ខ្លួន គេឆែកឆេរទៅឃើញគាត់មានកាតអ្នកសារព័ត៌មានទៅវិញ(អ្នកកាសែតនៃសារពត៌មាន និស្សិតខ្មែរ រស់នៅភូមិពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ)ដែលពាក់ព័ន្ធនឹងករណីទន្ទ្រានដីព្រៃលិចទឹកក្នុង តំបន់៣ បឹងទន្លេសាប នៅក្នុងភូមិសាស្ត្រឃុំភ្នំលៀបស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ “។
លោកសេក សុខុម មន្ត្រីអ្នកពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានបន្តថា អយ្យការអមសាលាដំបូងខេត្តដែលចេញលិខិតអញ្ជើញលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងលោក មាស ហ៉ឹក មេឃុំប្រាសាទ បានបញ្ជាក់ច្បាស់ហើយក្នុងបែបបទលិខិតរដ្ឋបាលគឺ “ដើម្បីសាកសួរ អំពីដំណើររង អ្នកដែលពាក់ព័ន្ធការឈូសឆាយ ទន្ទ្រានដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទនិងឃុំភ្នំលៀបស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ” ។
យោងតាមលិខិតអញ្ជើញរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះហត្ថលេខាដោយលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញា ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា : លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ត្រូវបានអញ្ជើញឱ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យនៅម៉ោង២រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ និងលិខិតអញ្ជើញចុះថ្ងៃទី៩ ខែកុម្ភៈ ដូចគ្នាតម្រូវឱ្យលោក មាស ហ៊ឹក មេឃុំប្រាសាទឱ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២រសៀល។
មន្ត្រីនាំពាក្យខាងលើពន្យល់ថា ” យោងខ្លឹមសារនិងទំនាក់ទំនងការងាររដ្ឋបាលគឺនោះជាការកោះអញ្ជើញ របស់អយ្យការអមតុលាការនៅពេលនេះ ក៏ព្រោះតែមានដីខ្លះ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងលោកមាស ហ៊ឹក មេឃុំប្រាសាទមានជាប់ពាក់ព័ន្ធលើការចុះហត្ថលេខាលើលិខិតស្នាមមួយចំនួន ឬក៏បទល្មើសទន្ទ្រានដីព្រៃលិចទឹកកន្លងមក ស្ថិតក្នុងដែនសមត្ថកិច្ចភូមិសាស្ត្ររបស់អស់លោក។ដូច្នេះ តម្រូវអោយអស់លោកសហការផ្តល់ព័ត៌មាន ព្រោះអស់លោក កាន់តួនាទីជាអភិបាលស្រុក និងមេឃុំ ម្ចាស់ដែនសមត្ថកិច្ចរដ្ឋបាលភូមិសាស្ត្រ។ប៉ុន្តែវាមិនមែនជាករណីដីការកោះឬដីកាបង្គាប់ឱ្យចូលខ្លួនឬដីនាំខ្លួនដូចមានការចុះផ្សាយ កន្លងមកនោះឡើយ។
មន្ត្រីខាងលើ ក៏បន្ថែមថា ក្រៅពីនោះ ក៏មានមន្ត្រីយោធាល្បីម្នាក់(ឧត្តមសេនីយ៍ទោភ្លន់ តារា អតីតមេយោធាខេត្តបន្ទាយមានជ័យបច្ចុប្បន្នមេបញ្ជាការរងយោធភូមិភាគទី៥)ដែលគេនាំគ្នាចោទថាគាត់មានដី៦០០ហិកតានៅតំបន់៣ ។ តែពេលពិនិត្យជាក់ស្តែង គឺមានត្រឹម១០០ហិកតាទេ ។វាក៏បូករួមជាមួយប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ។ហើយករណីនេះពួកគាត់បានប្រគល់ជូនរដ្ឋវិញអស់ហើយ ។
ចំណែកលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងការឆ្លើយតបមួយលើខ្លឹមសារនៃលិខិតអញ្ជើញលោកឃូ ពៅ និងលោកមាស ហ៊ឹម លោកអភិបាលខេត្តក៏យល់ស្របថា ជាការអញ្ជើញសាកសួរដើម្បីសហការផ្តល់ព័ត៌មានក្នុងដែនរដ្ឋបាលភូមិសាស្ត្រដែរ ។
រីឯអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីស្រង់សំដីកាលពីថ្ងៃទី១៥ខែកុម្ភ: ដូចដែលនិយាយថា សំណុំរឿងលោកអែមណុយ អតីតមេឃុំភ្នំលៀបនិង ឈ្មោះ ឈួម ធូ តាំងពីឃុំខ្លួនបណ្តោះអាសន្នមក ស្ថិតក្នុងដំណាក់ កាលអង្កេត។ ហេតុនេះអយ្យការត្រូវស្នើកិច្ចក្នុងសហការពីសមត្ថកិច្ចនិងអាជ្ញាធរដែនដីជួយផ្តល់ព័ត៌មានឬការបំភ្លឺបន្ថែមលើករណីនេះ ព្រោះករណីនេះ វាស្ថិតក្នុងដែនរដ្ឋបាលរបស់មន្ត្រីខាងលើ ៕