បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូទៅបុកពីក្រោយ រថយន្តសណ្ដោងកុងតឺន័រ

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនរងគ្រោះមានឈ្មោះ ផានីផាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ស្នាក់បន្ទប់នៅគីឡូម៉ែត្រលេខ១០ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល។
មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក Honda Zoomer-X ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1DO-3532 បានធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកពីក្រោយរថយន្តសណ្ដោងកុងតឺន័រ ម៉ាក Hyandai ក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3B-0267 និងកន្ទុយកុងតឺន័រ ពាក់ស្លាកលេខកំពង់ចាម 4A-1400 ដែលកំពុងបើកអែបចិញ្ចើមផ្លូវ បោកផ្ទប់នឹងកន្ទុយកុងតឺន័រពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះត្រូវរបួសចំផ្ទៃមុខធ្ងន់ធ្ងរ បែកទាំងមួកការពារសុវត្ថិភាពខ្ទេច ភ្លាមៗត្រូវបានមិត្តភ័ក្តដែលជិះមកតាមក្រោយដែរ ជួយលើកសង្គ្រោះបឋម និងទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះជីវិត នៅឯមន្ទីរសម្រាកព្យាបាល និងសម្ភព”មហាព្រហ្ម”ដែរ តែជាអកុសលគាត់បានដាច់ខ្យល់ស្លាប់នៅឯមន្ទីរពេទ្យទៅហើយ។ ចំណែកតៃកុងរថយន្ត ឃើញសភាពមិនស្រួល បានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ទាក់ទងរកសាច់ញាតិ មមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង