ភ្លៀងធ្លាក់រាយប៉ាយខុសប្រក្រតីក្នុងខែកុម្ភៈ សម្រាប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍នេះ ចុះខ្សោយបន្តិច និងនៅរាជធានីភ្នំពេញមិនមានភ្លៀងទេ តែនៅថ្ងៃអាទិត្យការធ្លាក់ ភ្លៀងរាយប៉ាយក្នុងបរិមាណច្រើនស្ទើរទូទាំងប្រទេស

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យដឹងថា សម្ពាធទាបមួយ ដើរមកពីផ្នែកខាងត្បូងប្រទេសហ្វីលីពីនក៏ដូចជារុញមកពីប្រទេសឥណ្ឌូនេស៊ីមិនចូលមកក្នុងសមុទ្រចិនទេគឺជ្រមុចទៅរកជ្រោយម៉ាឡាហ្គា ធ្វើឱ្យភ្លៀងធ្លាក់ចុះខ្សោយទៅវិញបន្តិច និងនៅភ្នំពេញមិនមានភ្លៀងទេ គឺមានតែនៅតាមបណ្តាខេត្តមួយចំនួនដូចជាតំបន់ខ្ពង់រាប ទំនាបកណ្តាលភាគពាយព្យនិងតំបន់មាត់សមុទ្រ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថានៅថ្ងៃទី១៩ ខែកុម្ភៈសម្រាប់តំបន់ខ្ពង់រាបភាគខាងកើត និងភាគឦសានមានភ្លៀងធ្លាក់ច្រើនគួរសម ក្រៅពី នេះមានភ្លៀងធ្លាក់ដែរតែក្នុងកម្រិតតិចតួចចូលដល់យប់ថ្ងៃទី២០ ទើបឃើញមានភ្លៀងធ្លាក់រាយប៉ាយខុសប្រក្រតីលើខេត្តជាច្រើនមកវិញ ក្នុងនេះនៅភ្នំពេញក៏អាចនឹងមានភ្លៀងធ្លាក់ខ្លះដែរ។
ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានជូនដំណឹងស្តីការព្យាករស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកុម្ភៈថានៅក្នុងសប្តាហ៍នេះព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាបពីឥណ្ឌូនេស៊ីនិងឥណ្ឌាក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនឹងនេះក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local)នាំឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាបន្តបន្ទាប់។
សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា ស្ថានភាពបែបខាងលើធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២២ ទៅ២៥អង្សាសេ សីតុណ្ណភាពអតិបរមាមានពី៣២ ទៅ៣៤អង្សាសេ។ អាចមានភ្លៀងធ្លាកក្នុងកម្រិតពីតិចទៅបង្គួរជាទូទៅលាយឡំ និងផ្គរ រន្ទះ ក្នុងនោះខេត្តកំពង់ធំ, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង,បន្ទាយមានជ័យ និងប៉ៃលិន អាចមានភ្លៀងច្រើនដោយអន្លើ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និង ខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាពី២១ ទៅ២៤អង្សាសេ សីតុណ្ណភាពអតិបរមាមានពី៣១ទៅ៣៣អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំនិងផ្គរ រន្ទះ ។
សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេ សីតុណ្ណភាពអតិបរមាមានពី៣០ទៅ៣២អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំនិងផ្គរ រន្ទះ ៕

អត្ថបទដែលជាប់ទាក់ទង