រកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលរិច្ឆេទ

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ដើម្បីបន្តនិរន្តរភាពនៃការគាំពារសុខុមាលភាពដល់ប្រជាពលរដ្ឋ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តកែប ខេត្តស្វាយរៀង និងខេត្តតាកែវ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តការចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទដែលដាក់ចរាចរលក់នៅលើទីផ្សារ។
ប្រភពដដែលបន្តថា គោលបំណងគឺដើម្បីស្វែករកទំនិញមិនមានអនុលោមភាព ចៀសវាងអ្នកប្រើប្រាស់ទិញយកទៅប្រើប្រាស់ ឬបរិភោគប៉ះពាល់ដល់សុខុមាលភាព ក៏ដូចជាប្រយោជន៍ផងដែរ។
ជាក់ស្ដែងយោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលរិច្ឆេទប្រើប្រាស់ចំនួន ១៣៤.៧គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧២.៥លីត្រ និងចាត់វិធានការទៅតាមនីតិវិធីផងដែរ។
ជាមួយគ្នានោះ មន្ត្រីជំនាញ បានណែនាំដល់បងប្អូនអាជីវករឱ្យបានយល់ដឹងអំពីច្បាប់ និងបញ្ឈប់ការដាក់តាំងលក់ទំនិញដែលមិនមានអនុលោមភាពតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង