នារីម្នាក់ ត្រូវជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់យកកាបូប បានសម្រេចបណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស ចំណែកជនសង្ស័យបានគេចខ្លួនបាត់

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ ២០២២ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ អេង វណ្ណី អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកម៉ូតូ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ស្ទឹងត្រែង 1C-9301។
មុនពេលកើតហេតុគាត់បានជិះម៉ូតូតាមផ្លូវលេខ២៧១ពីផ្សារសុវណ្ណាឡើងទៅស្ពានអាកាសស្ទឹងមានជ័យ លុះពេលមកដល់ចំណុចផ្លូវបំបែកស្ពានបត់ឆ្វេងសំដៅទៅផ្លូវលេខ២១៧ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូស្គូពី ស៊េរីឆ្នាំ២០២២ មិនចាំស្លាកលេខចំនួន២គ្រឿងតាមពីក្រោយគាត់ រួចហើយស្រាប់តែមានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់បានធ្វើសកម្មភាពឆក់យកកាបូបដែលគាត់ស្ពាយនៅជាប់ខ្លួនយកទៅបាត់ ចំណែកគាត់ដួលម៉ូតូរងរបួសរលាត់ដៃជើង។
ស្ត្រីរងគ្រោះបានឱ្យដឹងទៀតថា នៅក្នុងកាបូបមានតែលុយ៣ម៉ឺនរៀល កាតATM និងកាតចាក់វ៉ាក់សាំងដូសទី៤។
ប្រជាពលរដ្ឋ បាននិយាយថា ករណីចោរកម្មភាគច្រើននៅភូមិសាស្ត្រខណ្ឌមានជ័យ ទីតាំងដែលធ្លាប់ឃើញព័ត៌មានផ្សព្វផ្សាយ គឺនៅមុខវត្តស្ទឹងមានជ័យ ស្ពានស្ទឹងមានជ័យ នៅក្រោមស្ពានអាកាសក្រោមដី និងលើស្ពានអាកាសស្ទឹងមានជ័យ ដូច្នេះសូមឱ្យសមត្ថកិច្ចជួយបង្ក្រាបក្រុមចោរលួចឆក់ប្លន់ទាំងនោះផង។ បន្ទាប់ពីកើតហេតុស្ត្រីរងគ្រោះបានទូរស័ព្ទឱ្យគ្រួសារមកជួយយកម៉ូតូនិងដឹកទៅមន្ទីរពេទ្យដើម្បីលាងរបួស ហើយមិនទាន់ទៅដាក់ពាក្យបណ្ដឹងទេ ៕

អត្ថបទដែលជាប់ទាក់ទង