ធ្លាប់បានស្គាល់អតីតតារាសម្តែង អ្នកនាង នី មុល្លីកា ដែលធ្លាប់ធ្វើឲ្យគេស្គាល់ច្រើនតាមរយៈការសម្តែងភាពយន្តភាគ និងភាពយន្តខ្នាតធំ ពិសេសភាពយន្តភាគរឿង “កូនប្រសារស្រី”

ភ្នំពេញ៖ ទោះបីជាបាត់មុខពីវិស័យសិល្បៈមែន ប៉ុន្តែនាងនៅតែធ្វើឲ្យទស្សនិកជននឹករលឹកចងចាំពីសមត្ថភាពទេពកោលរបស់នាងជានិច្ច។ ថ្ងៃនេះសារព័ត៌មានយើង សូមនាំអារម្មណ៍ទស្សនិកជនមកជ្រាបពីជីវិតពិតនាពេលបច្ចុប្បន្នថា តើនាងបានធ្វើដំណើរទៅដល់ណាហើយ។

ទស្សនិកជនដែលនិយមតាមដានទស្សនាភាពយន្តភាគខ្មែរពិតជាធ្លាប់បានស្គាល់អតីតតារាសម្តែង អ្នកនាង នី មុល្លីកា ដែលធ្លាប់ធ្វើឲ្យគេស្គាល់ច្រើនតាមរយៈការសម្តែងភាពយន្តភាគ និងភាពយន្តខ្នាតធំ ពិសេសភាពយន្តភាគរឿង “កូនប្រសារស្រី” ឈ្មោះសោភានោះតែម្តង។

ជាតារាសម្តែងស្រីដែលនិយមសម្តែងជាតួអង្គកម្សត់ ធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកតាម នី មុល្លីកា បានសម្តែងក្នុងភាពយន្តជាច្រើនពិសេសភាពយន្តភាគដែលដឹកនាំ និងនិពន្ធដោយផលិតករឆ្នើមលោកស្រី ពាន់ ភួងបុប្ផា នោះតែម្តង។ រឿង”កូនប្រសារស្រី” បានបង្ហាញពីការតស៊ូរបស់តួអង្គ សោភា ក្នុងរឿងគ្រប់បែបយ៉ាង ដោយនាងអាចក្រោកឈរគ្រប់ពេល ដែលនាងជួបបញ្ហា ហើយរឿងនេះគឺបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមមួយផ្នែកក្នុងសង្គមពីជីវិតគ្រួសារ ដែលត្រូវរងសំពាធពីម្តាយក្មេក។ក្រៅពីនេះមានដូចជារឿង”កុមារី២៥ឆ្នាំ” និងភាពយន្តភាគរបស់ទូរទស្សន៍CTN កាលពីអំឡុងជាង១០ឆ្នាំមុន។ គេចាំបានដែរថា នី មុល្លីកា បានចូលរោងការជាមួយលោក គឹម ប៊ុណ្ណា ជាវិស្វករ រស់នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០១១ ។

បន្ទាប់ពីរៀបការរួច នី មុល្លីកា ក៏ត្រូវបានស្វាមីធានាចេញទៅរស់នៅជាមួយភ្លាមៗតែម្តង ។ នាងទទួលបានចំណងដៃកូនប្រុសម្នាក់ ឈ្មោះZachary កាលពីអំឡុងខែឧសភាឆ្នាំ២០១៦ និងកូនស្រីម្នាក់ឈ្មោះណាតាលី(Natalie)ក្នុងអំឡុងឆ្នាំ២០១៧ ។ ថ្វីដ្បិតមានស្វាមី និង កូនដល់ទៅពីរក៏ពិតមែន នី មុល្លីកា នៅតែមានសម្រស់ និង រូបរាងស្រស់ស្អាតមិនប្រែប្រួលនោះទេ ដោយសារហេតុនេះហើយទើបនាងនៅតែមានឱកាសក្នុងការថតរឿងថ្មីសម្រាប់អ្នកគាំទ្រ ។ ប៉ុន្មានឆ្នាំមុនេះនាងបានបង្ហាញមុខជាថ្មីក្នុងភាពយន្តខ្នាតធំឬ ជាភាពយន្តរឿង កុមារីអាយុ២៥ឆ្នាំ វគ្គទី៣ ក្រោយនាងផ្អាកសម្តែងអស់១០ ឆ្នាំ ។

គួរបញ្ជាក់ដែរថា ក្រោយជាប់បេក្ខនារីដែលមិនជាប់ជ័យលាភី ក្នុងកម្មវិធី ប្រឡងស្រីស្រស់ប្រុសស្អាត ឆ្នាំ ២០០៥ របស់ ស្ថានីយ៍ ទូរទស្សន៍ CTN នី មុល្លីកាទទួលបានឱកាសច្រើនក្នុងការសម្តែងខ្សែភាពយន្តភាគរបស់ទូរទស្សន៍មួយនេះ ។ ក្រោមការចូលរួមសម្តែងដឹកនាំរឿងដោយអ្នកស្រីពាន់ ភួងបុប្ផា នាងទទួលបានការគាំទ្រជាច្រើនពីមហាជន ។ ក្រោយផ្តាច់ពាក្យជាមួយ កូនប្រុសអ្នកនិពន្ធ និងដឹកនាំរឿងខាងលើនាងបានសម្រេចចិត្តរៀបការជាមួយនឹងអាណិកជនរស់នៅសហរដ្ឋអាមេរិកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង