ជនសង្ស័យម្នាក់ ក្នុងករណីប៉ុនប៉ងវាយសម្លាប់ ត្រូវបានសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោយដឹកនាំបក្ខពួកច្រើននាក់ពួនសង្ងំ ចាំវាយសម្លាប់ម្ចាស់ចំការម្រេច មួយកន្លែង

មណ្ឌលគិរី ៖ ជនសង្ស័យម្នាក់ក្នុងករណីប៉ុនប៉ងវាយសម្លាប់ ត្រូវបានសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោយដឹកនាំបក្ខពួកច្រើននាក់ពួនសង្ងំចាំវាយសម្លាប់ម្ចាស់ចំការម្រេចមួយកន្លែង ស្ថិតនៅភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលថ្ងៃទី១៤ កុម្ភៈ ២០២២ ។
អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីបានបញ្ជាក់នៅរសៀលថ្ងៃទី២០ កុម្ភៈ ២០២២ ថា បង្កត្រូវបានចោទប្រកាន់ និងត្រូវបានឃុំខ្លួនហើយនៅពន្ឋនាគារខេត្ក។ជនបង្កឈ្មោះ ពៅ សំអឿន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំខាងលើ។

យោងតាមការបញ្ជាក់ពីជនរងគ្រោះឈ្មោះ ខេង សីលា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ គាត់បាន បាន ជិះម៉ូតូទៅចំការម្រេច ចំនួន ២ គ្រឿងជាមួយអ្នកជិតខាង ដើម្បីបេះម្រេចទុំ ខណៈកំពុងជិះម៉ូតូទៅដល់ក្នុងចម្ការ ស្រាប់តែលេចមុខ ឈ្មោះ ពៅ សំអឿន និងបក្សពួក ប្រមាណប្រាំនាក់ បាននាំគ្នាកាន់ដំបង និងម៉ាស៊ីនត្រង់ស៊ីន័រអាឈើ ដេញវាយ និងបញ្ឆេះម៉ាស៊ីន ប៉ុនប៉ងវាយ ទៅលើគាត់ និងអ្នកជិតខាង ដែលមានចំការម្រេចជាប់គ្នា។ប៉ុន្តែពេលនោះឃើញ សភាពការណ៍មិនស្រួល រូបគាត់និងអ្នកជិតខាង បាននាំគ្នារត់គេចខ្លួន ដើម្បីការពារសុវត្ថិភាព។

បើតាមការបញ្ជាក់របស់ជនរងគ្រោះ មូលហេតុដែលធ្វើឲ្យជនដៃដល់ ប៉ងវាយសម្លាប់ខ្លួនបែបនេះ ព្រោះតែគាត់(ជនរងគ្រោះ)បានដាក់ពាក្យបណ្ដឹងឈ្មោះពៅ សំអឿន ទៅតុលាការដើម្បីឲ្យកាត់ប្លង់ដីដែលគាត់បានទិញពីជនល្មើស តែមិនទាន់បានកាត់ប្លង់ដីនោះ បំបែកចេញឱ្យគាត់កាន់កាប់សិទ្ធិស្របច្បាប់ ទើបជនល្មើសមានចិត្តខឹងគុំកួន រហូតប្រើហឹង្សាបែបនេះ។
ជនរងគ្រោះបន្តថា «នៅឆ្នាំ២០១៦ខ្ញុំបានទិញដីចំការ មួយកន្លែងដែលមានទំហំ១០០ម៉ែត្រ គុណ១០០ម៉ែត្រ ពីឈ្មោះ ពៅ សំអឿន និងប្រពន្ធឈ្មោះ សុំ សុខឿន ជាប្រភេទដីប្លង់រឹង ស្ថិតនៅ ភូមិ ពូរ៉ាដែត ឃុំស្រែអំពូម ស្រុក ពេជ្រាដា តែឈ្មោះ ពៅ សំអឿន និងប្រពន្ធ មិនទាន់បានកាត់ប្លង់កម្មសិទ្ធិមកឲ្យខ្ញុំទេ គឺបានធ្វើត្រឹមតែលិខិតផ្ទេរសិទ្ធិ ដែលទទួលស្គាល់ដោយលោកមេភូមិ និង លោកមេឃុំតែប៉ុណ្ណោះ។ ព្រោះប្លង់រឹងពីរនាក់ប្តីប្រព័ន្ធ នេះបានយកទៅបញ្ចាំធានាគារបាត់ទៅហើយរហូតមកដល់សព្វថ្ងៃនេះ ។ ទើបតែពេលថ្មីៗនេះ ពួកខ្ញុំបានដាក់ពាក្យប្តឹងទៅតុលាការដើម្បីទាមទារឲ្យ ពៅ សំអឿន និងប្រពន្ធ កាត់ប្លង់កម្មសិទ្ធិមកឲ្យពួកខ្ញុំ ទើបធ្វើឲ្យប្តីប្រពន្ធនេះខឹងយ៉ាងខ្លាំង ក៏បាននាំគ្នាធ្វើរបងបិតផ្លូវ ដែលជាផ្លូវរួមគ្នាមិនអោយពួកខ្ញុំចេញចូលនិងគំរាមកំហែងមិនឲ្យអាស្រ័យផលនៅលើដីចំការនោះទៀតទេ»។ ក្រោយឃុំខ្លួនជនដៃដល់គ្រួសារជនរងគ្រោះ សង្ឃឹមថា ពួកគាត់និងទទួលបានយុត្តិធម៏ពិតប្រាដក ៕

អត្ថបទដែលជាប់ទាក់ទង