កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេនចំនួន ២១៩នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេនចំនួន នាក់ ២១៩នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
សម្រាប់កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅបំពេញបេសកកម្មនោះរួមមាន៖ កងវិស្វកម្មលេខ៤៣២ ចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជាទាំង ២១៩នាក់នេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
តាងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏សូមពាំនាំនូវការផ្តាំសួរសុខទុក្ខ ជូនពរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះកម្លាំងកងវិស្វកម្មពហុជំនាញលេខ៤៣២ ដែលនឹងបោះជំហានក្នុងពេលប៉ុន្មានម៉ោងខាងមុខនេះ។
នាយឧត្តមសេនីយ៍ បានឱ្យដឹងថា បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលជាឆ្នាំទី៨ ហើយកងវិស្វកម្មពហុជំនាញ លេខ ៤៣២ ក៏ជាកងទី៨ ដែលបន្តទទួលបានទំនុកចិត្ត និងភារកិច្ចពី អ.ស.ប ក្នុងការចូលរួមចំណែកស្វែងរកសុខសន្តិភាព ជូនប្រទេសដែលរងដោយជម្លោះដូចបណ្តាកងមុនៗដែរ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា៖ «នៅថ្ងៃនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ជាតិមាតុភូមិយើង ដែលវីរយុទ្ធជន យុទ្ធនារីយើងបានខិតខំហ្វឹកហាត់អស់រយៈពេលជាយូរទទួលបាននូវក្តីសង្ឃឹម និងទំនុកចិត្តយ៉ាងពិតប្រាកដពីអង្គការសហប្រជាជាតិ និងប្រមុខរាជរដ្ឋាភិបាល ដើម្បីយកចំណេះ ជំនាញទាំងនេះ ទៅអនុវត្តផ្ទាល់នៅលើសមរភូមិ។ កងនេះក៏ត្រូវបានបន្ថែមកម្លាំងចំនួន ១៥នាក់ ផ្នែកកម្ទេចគ្រឿងផ្ទុះ លើកម្លាំងមុនៗចំនួន២០៤នាក់ ដែលកម្លាំងសរុបកើនឡើង ចំនួន២១៩នាក់»។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់គ្នា បន្តរួមសាមគ្គី គ្នាជាធ្លុងមួយ ដើម្បីប្រយោជន៍រួម។ នៅពេលឡើងយន្តហោះត្រូវមានម្ចាស់ការលើសម្ភារខ្លួនឯង ត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ មិនត្រូវនាំយកវត្ថុហាមឃាត់ឡើងលើយន្តហោះឡើយ និងត្រូវចេះរៀបចំអង្គុយជាក្រុម។
ក្នុងចំណោម១០នាក់ ត្រូវមានអ្នកចេះភាសាអង់គ្លេស ដើម្បីជួយទំនាក់ទំនងជាមួយពហុនិការ និងក្នុងការបំពេញបែបបទ ឯកសារ នៅពេលមានតម្រូវការ។ ពេលចុះយន្តហោះក៏ត្រូវបែងចែកភារកិច្ចក្នុងការយកសម្ភារបុគ្គល សម្ភាររួម ទៅរៀបចំឱ្យ មានស្តង់ដារ និងអនាម័យនៅតាមកន្លែងស្នាក់នៅ និងក្នុងបន្ទាយដោយមានបង់លេខសម្គាល់ឱ្យបានត្រឹមត្រូវ។ ត្រូវចាត់ទុកទ្រព្យសម្បត្តិ អង្គភាព ដូចជាទ្រព្យយើងដូច្នេះដែរ។
បន្ថែមពីលើនេះ កម្លាំងទាំងអស់ ត្រូវគិតពីសុវត្ថិភាពជា ចម្បង ពិសេសអំឡុងពេល អនុវត្ត ភារកិច្ច មិនត្រូវមើល ស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទ ពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែល បាន កើតមានឡើង ដើម្បីសម្រេចបាន ជោគជ័យជូនជាតិ មាតុភូមិ ក្រុមគ្រួសារ និងខ្លួនយើងផ្ទាល់។
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ បានដាស់តឿនបន្ថែមដល់មេកង មេផ្នែក មេក្រុម មិនត្រូវ «ធូររលុងចំពោះខ្លួនឯង តឹងតែងចំពោះអ្នកដទៃ» ហើយត្រូវដាក់ផែនការការងារច្បាស់លាស់ចៀសវាងទំនេរ មកបង្កើតរឿង ដែលអាចឈានដល់ការឈ្លោះទាស់ទែងគ្នា។ ត្រូវចងចាំថាវត្តមានរបស់កម្លាំងយើងនីមួយៗ មិនត្រឹមតែតំណាងឱ្យអង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទ ឬមជ្ឈមណ្ឌលជាតិ តែប៉ុណ្ណោះទេ គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល។ ដូច្នេះ គ្រប់សកម្មភាពទាំងក្នុង និងក្រៅម៉ោងធ្វើការត្រូវគិតដល់កិត្តិយសជាតិ ជាចម្បង»។
សូមរំលឹកផងដែរថា ខណៈពេលដែលស្ថានការណ៍ជំងឺកូវីដ១៩ បន្តការរាតត្បាតនៅទូទាំងពិភពលោក ពិសេសក្នុងតំបន់បេសកកម្ម ដែលកម្ពុជាឈរជើងត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ឱ្យខាងតែបានតាមការណែនាំរបស់អង្គការសហប្រជាជាតិ និងការណែនាំរបស់ក្រសួង សុខាភិបាល នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចៀសពីការឆ្លងមេរោគដ៏កាចសាហាវនេះ។ កម្ពុជា ក៏មានវិប្បដិសារីក្នុងការបាត់បង់យុទ្ធជនយើង១រូប ដោយសារមេរោគឥតស្រមោលនេះ នៅប្រទេសម៉ាលី ម្តងរួចមកហើយ ដូច្នេះកុំឱ្យដានប្រវត្តិសាស្រ្តនេះ កើតឡើងជាថ្មី ម្តងទៀត។
ក្នុងបរិបទនេះ កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមហែកហួរជិត ៣ទសវត្ស ហើយទើបទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព នៅប្រទេសចំនួន០៩ មាន១០បេសកកម្ម នាទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន និងតទៅអនាគត។

គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង