ឃាត់មុខសញ្ញាជនឆបោកលុយ តាមទូរស័ព្ទម្នាក់ (៧,២០០ដុល្លារអាមេរិក)
ភ្នំពេញ៖ មុខសញ្ញាជនឆបោកតាមទូរស័ព្ទម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន និងបង្ហាញមុខជាសាធារណៈ ដើម្បីបន្តនីតិវិធីបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។ យោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅល្ងាចថ្ងៃអាទិត្យទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ នេះ នៅចំណុចផ្ទះសំណាក់ឌីមនោរម្យ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធឆបោកតាមទូរស័ព្ទ (អះអាងតាមទូរស័ព្ទប្រាប់ជនរងគ្រោះថា៖ ខ្លួនជាបុគ្គលិកធនាគារអេស៊ីលីដា រួចណែនាំឲ្យជនរងគ្រោះបំពេញលក្ខ័ណតាមការណែនាំរបស់ខ្លួន ហើយដកយកប្រាក់ ចំនួន៧,២០០ដុល្លារអាមេរិក ពីក្នុងគណនីធនាគារអេស៊ីលីដារបស់ជនរងគ្រោះ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
ជនរងគ្រោះជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៧អឺ០+៩អឺ០ ផ្លូវលេខ១៣៦ ភូមិ២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ នាយកសាលាឯកជន ។
ជនសង្ស័យឈ្មោះ យត ដាណែត ហៅ ង៉ែត ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាំងចាប់យក៖ ទូរស័ព្ទដៃម៉ាកសាំសុងអា១០អេស ពណ៌ខ្មៅ។
កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕