ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងឱកាសអញ្ជើញបើកការដ្ឋាន សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលប្រមាណតែមួយខែប៉ុណ្ណោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាមិនមែនជាការងាយស្រួលទេ ក្នុងដំណាក់កាលអភិវឌ្ឍន៍ ហើយត្រូវរកទីតាំងសមស្របសម្រាប់រំដោះទឹកកខ្វក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយអង្គការចៃការបស់ជប៉ុន ក្នុងការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនាពេលនេះ គឺកើតចេញពីទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន ដែលឆ្នាំ២០២៣ ជាខួប ៧០ឆ្នាំនៃទំនាក់ទំនងនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរបញ្ជូនកងទ័ពស្វ័យការពារមកកាន់កម្ពុជាកាលពី៣០ឆ្នាំ គឺជាអនុស្សាវរីយ៍មួយដ៏គួរឱ្យចងចាំ ដែលត្រូវធ្វើសកម្មភាពនានារំលឹកខួបនៃដំណើរនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ប្រទេសជាមិត្តនោះទេ រួមទាំងប្រទេសជប៉ុនផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន កាន់តែស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការកាន់តែធំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនរង់ចាំតែជំនួយរបស់ជប៉ុនប៉ុណ្ណោះទេ តែក៏បានប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនយល់ទេចំពោះការលើកឡើងថា កំពង់ផែព្រះសីហនុ អាចក្លាយជាអន្ទាក់បំណុលដូចកំពង់ផែស្រីលង្ការ ខណៈកំពង់ផែព្រះសីហនុ ជួយសាងសង់ដោយជប៉ុន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូត នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ អគ្គមេបញ្ជាកងទ័ពរបស់ជប៉ុន ដែលបានស្វាគមន៍លោកបណ្ឌិត ហ៊ុន ម៉ាណែត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ត្រីជប៉ុន រវល់ណាស់ មិនងាយនឹងទទួលប្រតិភូណាមួយនោះទេ។ ដូច្នេះការទទួលស្វាគមន៍លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាការបង្ហាញឱ្យឃើញទំនាក់ទំនងពិសេសរវាងកម្ពុជា-ជប៉ុន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទសវត្សរ៍ឆ្នាំ៨០ មិនមានឈឺក្បាលរឿងសំរាមឡើយ ព្រោះប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ សំរាមក្នុងរាជធានីភ្នំពេញមួយថ្ងៃប្រមាណ ៣ពាន់តោន។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋនៅភ្នំពេញ និងអ្នកមកលេងភ្នំពេញ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវខិតខំទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាមហូរចូលលូ ប្រឡាយ និងទន្លេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបោះចោលសំរាមពាសវាលពាសកាល គួរខ្មាសក្មេងៗដែលទទួលបានការអប់រំ ហើយចេះទុកដាក់សំរាមបានត្រឹមត្រូវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកូនសម្តេចមិនល្អសម្តេចមិនឱ្យធ្វើនាយករដ្ឋមន្ត្រីនោះឡើយ។ សម្តេចមិនឱ្យគណបក្សប្រជាជនកម្ពុជា ត្រូវបំផ្លាញដោយដៃកូនរបស់សម្តេចនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នរណាក៏ដោយកុំមកនិយាយពីការបង្រួបបង្រួមជាមួយក្រុមមនុស្សដែលប្រមាថភរិយា និងកូនរបស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋក្នុងរាជធានីភ្នំពេញ ខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន៥៩៨នាក់ទៀត និងមានអ្នកស្លាប់២នាក់
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យនាំកុមារអាយុចាប់ពី៣ឆ្នាំ ទៅ៥ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចាប់ផ្តើមនៅថ្ងៃទី២៣ ខែកុម្ភៈ ស្អែកនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកឈ្នះជំងឺកូវីដ១៩ មិនចំណុះតែលើរាជរដ្ឋាភិបាល ឬក្រសួងសុខាភិបាលនោះទេ គឺទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ឱសថស្ថានកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យក្រសួងសុខាភិបាល ពិនិត្យកុំឱ្យមានការចរាចរណ៍ថ្នាំព្យាបាលជំងឺកូវីដ១៩ ក្លែងក្លាយ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណជប៉ុន ដែលបានគាំទ្រដំណើរសម្តេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេចតេជោ ប្រកាសប្រឹងប្រែងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចេតនាចង់បំបាត់ភាគីយោធាមីយ៉ាន់ម៉ា ប្រៀបដូចយកក្បាលបោលទៅបុកជញ្ជាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជឿជាក់ថា មិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានឡើយ។ អាស្រ័យហេតុនេះហើយទើបសម្តេចប្រឹងប្រែងចូលជួបសម្តេច នរោត្តម សីហនុ ឈានទៅបើកការចរចា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហារបស់មីយ៉ាន់ម៉ា ត្រូវការចរចាច្រើនដងទាំងលើតុ និងក្រោមតុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូនស្រីម្នាក់ និងចៅចំនួន៥នាក់ បានឆ្លងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖៣៥នាទីនាព្រឹកថ្ងៃដដែល ៕

អត្ថបទដែលជាប់ទាក់ទង