ជនរងគ្រោះប្ដឹងពីបទ «ឆបោកនិងរំលោភលើទំនុកចិត្ត» លុយ១០ម៉ឺនដុល្លារអាមេរិក លោកផ្កាយ ២ ស ថេង ស្នងការខេត្តពោធិ៍សាត់ បង្កការភ្ញាក់ផ្អើល
ភ្នំពេញ៖ ពាក្យបណ្ដឹងព្រហ្មទណ្ឌរបស់ជនរងគ្រោះ បានដាក់ចូលរួចហើយគោរពជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីចុងឆ្នាំ២០២១ ថ្មីៗនេះ ហើយតុលាការក៏បានចេញដីកាកោះហៅក្រុមជនសង្ស័យចូលខ្លួនបំភ្លឺជាបន្តបន្ទាប់ ផងដែរ ។
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់និងឈ្មោះ លន់ ឡន ហៅ ឡុង ត្រូវបានជនរងគ្រោះប្តឹងពីបទ «ឆបោកនិងរំលោភលើទំនុកចិត្ត» ពាក់ព័ន្ធលុយចំនួន១០ម៉ឺនដុល្លារអាមេរិក ។
យោងតាមឯកសារមួយចំនួន និងជនរងគ្រោះផ្ទាល់ គឺ លោក ឃុន ពុទ្ធី បានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោក ឃុន ពុទ្ធី បានចុះកិច្ចព្រមព្រៀងទិញដីមួយកន្លែងទំហំជាង១៣ហិកតា ស្ថិតនៅចំណុចភូមិសិឡាង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ពីលោក ស ថេង ក្នុងតម្លៃព្រមព្រៀងគ្នា ២០ម៉ឺនដុល្លារអាមេរិក ។
ក្រោយពីធ្វើការពិភាក្សានិងចរចាតម្លៃនៃការទិញលក់រួចមក លោក ឃុន ពុទ្ធី បានបង់ប្រាក់ជាបន្តបន្ទាប់ចំនួន៤លើក សរុបទាំងអស់១០ម៉ឺនដុល្លារអាមេរិក ទៅអោយ លោក ស ថេង ។
ជនរងគ្រោះរៀបរាប់ទៀតថា លោក ស ថេង សន្យាតែមួយរយៈពេលខ្លីប៉ុណ្ណោះនឹងចុះធ្វើការវាស់វែងព្រមទាំងធ្វើឯកសារផ្ទេរសិទ្ធិដែលមានចុះហត្ថលេខាពីអាជ្ញាធរមកឲ្យលោក ឃុន ពុទ្ធី ដើម្បីមានសិទ្ធិកាន់កាប់និងអាស្រ័យផលនៅលើដីនេះ ។ ប៉ុន្តែផ្ទុយទៅវិញ លោក ឃុន វុទ្ធី បានរង់ចាំមួយសប្ដាហ៍ហើយមួយសប្ដាហ៍ទៀត ដោយលោក ស ថេង ចេះតែគេចវេសយកលេសនេះយកលេសនោះ ហើយជនរងគ្រោះចាត់ទុកថា លោក ស ថេង មានចេតនាប្រព្រឹត្តបទល្មើសឆបោកនិងរំលោភលើទំនុកចិត្តយ៉ាងពិតប្រាកដ ។
ជនរងគ្រោះ គឺ ឃុន ពុទ្ធី បានឲ្យដឹងថា លោក ស ថេង ពិតជាមានចេតនាឆបោកប្រាក់របស់លោកយ៉ាងពិតប្រាកដហើយសំណូមពរឲ្យតុលាការចាត់ការតាមផ្លូវច្បាប់ ។
ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ថ្លែងប្រាប់ នៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា នេះគឺជារឿងកិច្ចសន្យាទិញលក់ដី មិនមែនជាការឆបោកនោះទេ ដោយលោកស្នងការ អះអាងថា ដោយសាររត់ការប្លង់ដីមិនបាន តែលោកនឹងសងលុយទៅអ្នកទិញវិញ ។
ទោះបីយ៉ាងណា លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញដីកាកោះអញ្ជើញ លោក ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹក ខាងមុខនេះ ផងដែរ ដើម្បីសាកសួរពាក់ព័ន្ធទៅនឹងបណ្តឹងរបស់លោក ឃុន ពុទ្ធី ។
ជនរងគ្រោះ គឺ លោក ឃុន ពុទ្ធី នៅតែសំណូមពរអោយតុលាការចាត់ការទៅលើ លោក ស ថេង និង បក្ខពួក ទៅតាមផ្លូវច្បាប់កុំលើកលែងអោយឡើយ ។ នេះបើយោងតាមពាក្យបណ្តឹង ដែលសារព័ត៌មានទើបទទួលបាន ៕