ឃាត់ខ្លួនជនសង្ស័យ ក្រោយផ្ទុះជម្លោះ រួចទាញពូថៅកាប់ម៉ូតូមិត្តភក្ដិរបស់ខ្លួន ខ្ទេចខ្ទីរគ្មានសល់
េត្តបាត់ដំបង៖ បញ្ជូនទៅកាន់សាលាដំបូងខេត្ត នាថ្ងៃទី២៣ កុម្ភៈ ឆ្នំា២០២២នេះ បទចោទ «ធ្វើឲ្យខូចខាតដោយចេតនា» ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយផ្ទុះជម្លោះ រួចទាញពូថៅកា.ប់.ម៉ូតូមិត្តភក្ដិរបស់ខ្លួនខ្ទេចខ្ទីរគ្មានសល់ ។ ជនសង្ស័យឈ្មោះ ចាន់ សៅ ប្រុសអាយុ២៥ឆ្នាំ នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត។
ជននេះបានប្រើប្រាស់ពូថៅកាប់បំផ្លាញម៉ូតូគេមួយគ្រឿងខូចខាតគ្មានសល់ ដែលម្ចាស់ម៉ូតូឈ្មោះ គង់ វ៉ារី ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្រោយពីផ្ទុះជម្លោះមួយប្រាវដែលជាមិត្តភក្ដិនឹងគ្នា ។ ប៉ុន្តែពេលនេះ ត្រូវបានលោកស្នងការបញ្ជាឲ្យមន្ត្រីការិយាល័យរបស់លោករៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី ២៣ កុម្ភៈនេះហើយ។
កាលពីយប់ថ្ងៃទី ១៧ កុម្ភៈ ត្រង់ចំណុចភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង មានករណីវាយតប់គ្នា ដែលភាគីជម្លោះនោះជាបក្ខពួកតែមួយ។ នៅក្នុងជម្លោះ ជនទំនើងឈ្មោះ ចាន់ សៅ បានប្រើពូថៅកាប់កាប់ម៉ូតូរបស់ឈ្មោះ គង់ វ៉ារី បណ្ដាលឲ្យខូចខាតស្ទើរទាំងស្រុង ។
ក្រោយកើតហេតុ ជនដៃដល់បានគេចខ្លួន រហូតដល់ថ្ងៃទី ២១ កុម្ភៈ ទើបកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន។ ប៉ុន្តែយ៉ាងណា បើតាមលោក ឈឿង គឹមសុង បានបញ្ជាក់ថា ពេលនេះលោកស្នងការ បានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញរបស់លោក បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយ៕