ម៉ូតូសណ្ដោងរ៉ឺម៉កកែច្នៃមួយគ្រឿង ដឹកកម្មកររោងចក្រចំនួន២៩នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងរបួសធ្ងន់ ២នាក់ និងរបួសស្រាល ៤នាក់

ភ្នំពេញ ៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ូតូសណ្ដោងរ៉ឺម៉កកែច្នៃមួយគ្រឿងដឹកកម្មកររោងចក្រចំនួន២៩នាក់ ចេញពីរោងចក្រត្រឡប់ទៅផ្ទះវិញ ប៉ុន្តែដោយសារតៃកុងថ្មីសុំប្តូរបើក ហើយបើកច្រលំផ្លូវទៀត ក៏បត់ត្រឡប់ក្រោយ ស្រាប់តែជ្រុលចង្កូតទៅបុកឃឿនផ្លូវក្រោមដីស្ពានអាកាសចោមចៅ បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ និងរបួសស្រាលចំនួន៤នាក់ នៅចំណុចផ្លូវស្ពានអាកាស វង្វង់មូលចោមចៅ ស្ថិតក្នុងភូមិខ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូសណ្ដោងរ៉ឺម៉កខាងលើនេះ គឺជាម៉ូតូកែច្នៃអត់មានស្លាកលេខនោះទេ ហើយបានបើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ៤ ឆ្ពោះ ទៅចូលផ្លូវវេងស្រេង ។

ស្ត្រីជាម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉កបានអោយដឹងថា នៅមុនកើតហេតុ គាត់ជាអ្នកបើកបរដឹកកម្មកររោងចក្រដែលចេញពីធ្វើការនៅរោងចក្រកំបូល ត្រឡប់ទៅផ្ទះវិញនៅឯកាណាឌីយ៉ាដូចសព្វដង ក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ៤ ឆ្ពោះទៅចូលផ្លូវវេងស្រេង ។
ស្ត្រីបន្តថា លុះមកដល់ជិតចំណុចកើតហេតុ ក៏ស្រាប់តែតៃកុងថ្មីសុំប្តូរបើកម្ដង ហើយគាត់ក៏យល់ព្រមអោយបើកទៅ ខណៈពេលបើកចុះចំណោតចូលទៅផ្លូវក្រោមដីនោះ ដោយសារតែតៃកុងថ្មីគាត់ច្រឡំផ្លូវទៅផ្លូវជាតិលេខ៣ ក៏កាច់ចង្កូតមកវិញមិនទាន់ ក៏បានជ្រុលទៅបុកឃឿនស្លាកសញ្ញាបែងចែកផ្លូវពេញទំហឹង បណ្ដាលឲ្យកម្មករជិះលើរ៉ឺម៉ករងរបួសធ្ងន់២នាក់ និងស្រាលចំនួន៤នាក់ ចំណែកកម្មករ២៣នាក់ទៀតពុំមានរងរបួសនោះទេ។

ក្រោយមកកម្មករដែលរងរបួសធ្ងន់ ត្រូវបានរថយន្តឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកអ្នករងរបួសស្រាលវិញ ត្រូវបានខាងម្ចាស់រ៉ឺម៉កហៅរថយន្តផ្សេងមកសាងដឹកយកទៅផ្ទះជួលវិញអស់ទៅ ។
ប្រភពព័ត៌មានពីម្ចាស់រ៉ឺម៉ក បានបញ្ជាក់ទៀតថា រាល់ដងគាត់ជាអ្នកបើកបរខ្លួនឯង ដោយដឹកកម្មកររោងចក្រច្រើនជាងនឹងទៅទៀត រហូតដល់ទៅ៤០នាក់ឯណោះ តែមិនដែលមានបញ្ហាដូចយប់ថ្ងៃនេះទេ ។ ប៉ុន្តែនៅថ្ងៃនេះ កម្មករដែលជិះគឺមានតែ២៩នាក់តែប៉ុណ្ណោះ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ដោយសារមកពីតៃកុងប្រុសថ្មី ជាអ្នកបើកបរ ។ រីឯរ៉ឺម៉កវិញ គឺរងការខូចខាតដាច់ផ្នែកខាងមុខ និងម៉ូតូបើកលែងកើតទៅហើយ ។

សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ពិនិត្យមើលដល់កន្លែងកើតហេតុ ហើយឃើញថាមិនមានប៉ះពាល់ខូចខាតដល់ស្ពាន សមត្ថកិច្ចក៏បានអោយខាងម្ចាស់រ៉ឺម៉ករងគ្រោះ ហៅរ៉ឺម៉កផ្សេងមួយគ្រឿងទៀត មកអូសយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទដែលជាប់ទាក់ទង