មួយថ្ងៃដំបូង! ប្រតិបត្តិការយោធារុស្ស៉ីនៅអ៊ុយក្រែន «ផ្តាច់ជីវិតមនុស្ស ១៣៧នាក់ និងរបួសជាង ៣០០នាក់»

(កៀវ)៖ របាយការណ៍បឋមបានបង្ហាញឲ្យឃើញថា មនុស្សសរុប ១៣៧នាក់ បានបាត់បង់ជីវិត នៅក្នុងរយៈពេលពេញមួយថ្ងៃដំបូង (ថ្ងៃទី២៤ ខែកុម្ភៈ) នៃប្រតិបត្តិការយោធារបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ខណៈបណ្តាប្រទេសលោកខាងលិច បានត្រឹមរួមគ្នាដាក់ទណ្ឌកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
ទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ បានរងការវាយប្រហារដោយគ្រាប់មីស៊ីល និងការបាញ់ផ្លោង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឲ្យកងទ័ពរបស់លោក បើកការវាយលុកអ៊ុយក្រែន កាលពីពេលព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ បើតាមរបាយការណ៍បឋមពីអាជ្ញាធរអ៊ុយក្រែន ប្រជាជនយ៉ាងហោចណាស់ ១០០,០០០នាក់បានរត់ភៀសខ្លួន ខណៈមួយចំនួនបានសម្ងំស្នាក់នៅ ក្នុងផ្លូវរថភ្លើងក្រោមដី។
គួរបញ្ជាក់ថា ក្រៅពីមនុស្ស ១៣៧នាក់បាត់បង់ជីវិត មនុស្ស ៣១៦នាក់ត្រូវបានដឹងថា បានទទួលរងរបួស, នេះបើតាមការថ្លែងដោយផ្ទាល់ ពីប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) ហើយលោកថែមទាំងបានជំរុញឲ្យកងកម្លាំងយោធា និងទ័ពបម្រុងទាំងអស់ ងើបឡើងដើម្បីប្រយុទ្ធ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសផងដែរ។ លោក Zelensky បានអះអាងថា ឥឡូវនេះមានរនាំងដែកថ្មីមួយ ពុះញែករវាងរុស្ស៊ី និងពិភពលោក ដែលមិនខុសពីសម័យសង្គ្រាមត្រជាក់នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង