ឈ្មួញបានប្រើគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រ ឈូសឆាយព្រៃក្នុងគោលបំណងវាតទីដីភ្នំ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ភាគច្រើនឈ្មួញតែងតែធ្វើសកម្មភាពនៅពេលយប់ ចំណែកពេលថ្ងៃវិញ គឺគេបញ្ឈរគ្រឿងចក្រចោល មិនដំណើរការ
ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ឈ្មួញបានប្រើគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រ ដែលភាគច្រើនគេតែងហៅថាអាអ៊ិច ឈូសឆាយព្រៃក្នុងគោលបំណងវាតទីដីភ្នំមួយនេះ ធ្វើជាកម្មសិទ្ធិរបស់ខ្លួនដែលភាគច្រើនឈ្មួញតែងតែធ្វើសកម្មភាពនៅពេលយប់ ចំណែកពេលថ្ងៃវិញគឺគេបញ្ឈរគ្រឿងចក្រចោលមិនដំណើរការនោះទេ។ ការធ្វើដូច្នេះ ក៏ទំនងជាឈ្មួញរូបនោះ បានដឹងថា បើគេធ្វើការឈូសឆាយកាយដីព្រៃនៅពេលថ្ងៃ ច្បាស់ជារងនូវការចាប់បង្ក្រាបជាមិនខាន តែបើគេធ្វើនៅពេលយប់ អាជ្ញាធរ និងសមត្ថកិច្ចដេកលក់អស់ហើយ នោះគឺគេមិនត្រូវបានបង្ក្រាបឡើយ។
ភ្នំបាទសិរី ជាភ្នំមួយក្នុងចំណោមភ្នំនានាជាច្រើនក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្នភ្នំមួយនេះត្រូវបានប្រភពរាយការណ៍មកថា កំពុងតែរងនូវការឈូសឆាយព្រៃពីសំណាក់ឈ្មួញទុច្ចរិតមានលុយ និងមានគ្រឿងចក្រ ក្នុងគោលបំណងកាន់កាប់ធ្វើជាទ្រព្យរបស់ខ្លួន។
ទាក់ទិនទៅនឹងបញ្ហានេះដែរ លោក គឹម តាប់ អនុប្រធានភូមិតាំងស្នោរ ឃុំទំព័រមាស ស្រុកសំរោងទង បានប្រាប់ថា ទីតាំងភ្នំគឺជាដីរបស់រដ្ឋ ចំណែកអ្នកដែលធ្វើសកម្មភាពឈូសឆាយនេះ គឺគាត់មានដីជាប់នឹងជើងភ្នំបាទសិរីនេះ ហើយត្រូវបានស្គាល់ថា ឈ្មោះ ទូច ភឿន ជាអ្នករកស៊ីខាងគ្រឿងចក្រ។ ហើយការឈូសឆាយរបស់ឈ្មោះ ទូច ភឿន នេះ គ្មានអាជ្ញាធរ និងសមត្ថកិច្ចណាដែលអនុញ្ញាតឲ្យពួកគាត់ធ្វើនោះឡើយ តែសកម្មភាពនេះគឺជាសកម្មភាពខុសច្បាប់ទាំងស្រុង។ ហើយករណីខាងលើនេះ គឺកើតឡើងជិត១ខែមកហើយ លោកក៏បានរាយការណ៍ទៅខាងឃុំដែរ។
ចំណែកលោក ឆាយ សឿង មេឃុំទំព័រមាស ក៏បានលើកឡើងផងដែរថា ភ្នំបាទសិរីនេះ អាជ្ញាធរមូលដ្ឋានមិនដែលទទួលស្គាល់ការទិញលក់ ឬដោះដូរពីនរណាម្នាក់ឡើយ តែម្ចាស់ដីដែលមានទីតាំងជាប់ភ្នំនេះ តែងតែលួចធ្វើសកម្មភាពឈូសឆាយទន្ទ្រានយក ដែលភាគច្រើនត្រូវបានគេរាយការណ៍មកថា ធ្វើឡើងនៅពេលយប់ រឿងនេះវាពិបាកណាស់ សម្រាប់សមត្ថកិច្ចមូលដ្ឋាន ព្រោះពេលយប់មន្ត្រីទាំងអស់ត្រូវបានទៅសម្រាកនៅផ្ទះរៀងៗខ្លួនអស់ហើយ ដូច្នេះវាជាឱកាសល្អសម្រាប់ឈ្មួញដែលមានមហិច្ឆតារំលោ.ភយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិនេះ ធ្វើសកម្មភាពបានដោយរលូន។
នៅរសៀលថ្ងៃទី១៦ កុម្ភៈ ២០២២នេះ លោកនឹងដឹកនាំក្រុមការងារចុះទៅពិនិត្យមើល បើមានសកម្មភាពលោកនឹងរាយការណ៍ជូនថ្នាក់លើសុំគោលការណ៍ឃាត់គ្រឿងចក្រតែម្តង។
យោងតាមប្រភពក្រៅផ្លូវការ បានអោយដឹងថា មូលហេតុដែលឈ្មួញធ្វើការឈូសឆាយដីព្រៃរបស់រដ្ឋនេះ គឺមានអ្នកមានអំណាចម្នាក់ ជាអ្នកឈរនៅពីក្រោយខ្នង ទើបឈ្មួញបានចិត្តហ៊ានប្រព្រឹត្តិក្នុងការរំលោ.ភយកដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិនេះ ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិតាំងស្នោរ ឃុំទំព័រមាស ស្រុកសំរោងទង ជាច្រើនគ្រួសារក៏បានសំណូមពរដល់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន សូមមេត្តាចាត់វិធានការលើឈ្មួញទុច្ចរឹតដែលរំលោ.ភបំពានយកដីភ្នំធ្វើជាកម្មសិទ្ធិនេះ នឹងចាត់ការតាមច្បាប់ផង ហើយសូមដកហូតនេះទុកជាសម្បត្តិរដ្ឋ ដើម្បីធ្វើជាដីព្រៃបំរុងសម្រាប់ដាំកូនឈើអោយប្រជាពលរដ្ឋបានប្រើប្រាស់ទៅថ្ងៃអនាគត។