ផ្ទះធ្វើពីឈើលើថ្មក្រោមខ្នង ត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុង ដោយសារម្ចាស់ផ្ទះដុតទៀនធូប
សៀមរាប ៖ ហេតុការណ៍គ្រោះអគ្គិភ័យនេះកើតឡើង នៅម៉ោង០៨និង៤០នាទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ចំណុចភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។
ករណីអគ្គិភ័យនេះបណ្ដាលឲ្យខូចខាតផ្ទះ១ខ្នង ទំហំ ៨ម៉ែត្រ x ១៧ម៉ែត្រ សង់ពីឈើលើ ថ្មក្រោម ជញ្ជាំងក្ដារ ប្រក់ក្បឿង (ខូចខាត អស់ទាំងស្រុង)។ឆេះគ្រែគ្រញូង ០១ ទូរដាក់ខោអាវ ០១ តុគ្រញូង ០១ តុបាយ ០២ មាស ១.៤ តំឡឹង និងប្រាក់ដុល្លារ ៣ ០០០ ដុល្លារ និងសម្ភារៈប្រើប្រាស់ មួយចំនួនផ្សេងទៀត។ សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះឈ្មោះ សុខ ពៅ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
មូលហេតុដែលបណ្តាលឲ្យឆេះ គឺមកពីម្ចាស់ផ្ទះអុជធូបទៀននៅកន្លែងអាសនៈ ទើបបណ្តាលអោយឆេះ។ ករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង អធិការស្រុកពួកចំនួន ១គ្រឿង អធិការស្រុកអង្គរជុំ ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ត ទើបពន្លត់បានទាំងស្រុង តែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយជីវិតមនុស្ស និងសត្វនោះទេ៕