យុវជនម្នាក់បាន-ស្លា-ប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនដឹកខ្សាច់បើកបុកម៉ូតពីក្រោយ
ភ្នំពេញ ៖ នៅ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រកែងនឹងផ្លូវលេខ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខកណ្តាល1AA-0031 ចេញពីស្រុកកណើតនៅឯស្រុកស្អាង ខេត្តកណ្តាលក្នុងគោលបំណងទៅជួយលក់បន្លែម្តាយនៅផ្សារដើមគ ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈ មកដល់ចំណុចកើតហេតុមានភ្លើងស្តុបជនរងគ្រោះក៏បន្ថយល្បឿនដើម្បីរង់ចាំភ្លើងស្តុបពណ៌បៃតង។ ស្របពេលនោះក៏មានរថយន្តបែនដឹកខ្សាច់ ពណ៌សពាក់ស្លាកលេខភ្នំពេញ 3E-2788 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាពីខាងក្រោយជនរងគ្រោះបើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកម៉ូតូយុវជនរងគ្រោះដែលឈប់រង់ចាំភ្លើងស្តុប ពេញទំហឹងបណ្តាលឱ្យដួលម៉ូតូត្រូវរថយន្តកិនពីលើ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
សមត្ថកិច្ចនគរបាលចរាចរណ៍ដែលមានគោលដៅនៅក្បែរកន្លែងកើតហេតុបានឃាត់ខ្លួនអ្នកបើករថយន្ត និងបានសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យ ចុះមកវាស់វែងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពយុវជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕