ឧកញ៉ា ស្រី ចាន់ថន កាត់ខ្សែបូសម្ពោធការដ្ឋានគម្រោងអភិវឌ្ឍន៍ក្រុងទេសចរណ៍ថ្មី លើទឹកដីស្រុកស្រែអំបិល
កោះកុង ៖ អគ្គនាយកក្រុមហ៊ុន JET Group ឧកញ៉ា ស្រី ចាន់ថន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ២០២២នេះ បានកាត់ខ្សែបូសម្ពោធគម្រោងអភិវឌ្ឍន៍ក្រុងទេសចរណ៍ថ្មី លើទឹកដីស្រុកស្រែអំបិល យ៉ាងឱឡារឹក។
ក្នុងកម្មវិធីសម្ពោធនោះដែរ ក៏មានវត្តមានរបស់ថ្នាក់ដឹកនាំជាច្រើនរូប រួមមានលោកជំទាវ ហ៊ុន ស៊ីណាត, ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការងទ៏ពជើងគោក និងមេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង911, ឯឧត្តម ស្រ៊ុន ណារិទ្ធ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន រួមទាំងអាជ្ញាធរមូលដ្ឋានប្រចាំស្រុកស្រែអំបិល និងភ្ញៀវកិត្តិយសផ្សេងទៀត បានចូលរួមអបអរសាទរគម្រោង អភិវឌ្ឍន៍ក្រុងទេសចរណ៍ថ្មី របស់ឧកញ៉ា ស្រី ចាន់ថន។
ឧកញ៉ា ស្រី ចាន់ថន ស្ថាបនិកនៃគម្រោងអភិវឌ្ឍន៍ក្រុងទេសចរណ៍ថ្មីនេះ មានប្រសាសន៍ទាក់ទងនឹងការសម្ពោធបើកគម្រោងនេះថា “គម្រោងអភិវឌ្ឍន៍ក្រុងទេសចរណ៍ថ្មី នាទឹកដីស្រុកស្រែអំបិលនេះ នឹងរួមចំណែកជួយលើកស្ទួយមុខមាត់ ជាពិសេសវិស័យអេកូទេសចរណ៍ក្នុងខេត្តកោះកុងឱ្យកាន់តែលេចធ្លោ និងទាក់ទាញកាន់តែខ្លាំងថែមមួយកម្រិតទៀត”។
“វត្ថុបំណងសំខាន់ចម្បង ដែលក្រុមហ៊ុនខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងវិនិយោគជាបន្តបន្ទាប់ គឺការជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងតំបន់ស្រុកស្រែអំបិលនេះឱ្យកាន់តែខ្លាំងក្លា និងស្រូបទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើនថែមទៀត”។ ឧកញ៉ា ស្រី ចាន់ថន បញ្ជាក់បន្ថែម។
មុនសម្ពោធបើកការដ្ឋានសម្ពោធគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីនេះ ឧកញ៉ា ស្រី ចាន់ថន ក៏បានរៀបចំ តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតមួយកន្លែង ស្ថិតក្នុងស្រុកស្រែអំបិលនេះដែរ ឈ្មោះ Jet’s Oudom Resort ។ រមណីយដ្ឋាន Jet’s Oudom Resort បច្ចុប្បន្ន ក៏កំពុងមានប្រជាប្រិយភាពខ្លាំងពីសំណាក់ភ្ញៀវទេសចរ និងបានរួមចំណែកយ៉ាងសកម្មជួយផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងតំបន់នោះបានមួយចំនួនធំផងដែរ។
គួរបញ្ជាក់ផងដែរថា ឧកញ៉ា ស្រី ចាន់ថន គឺជាអ្នកជំនួញ និងជាសហគ្រិនមួយរូប ក្នុងចំណោមអ្នកជំនួញគ្រាក់ៗ ដែលបានបោះទុនវិនិយោគក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តកោះកុង។ តាមរយៈការយកចិត្តទុកដាក់ទុនវិនិយោគ ជាបន្តបន្ទាប់ពីសំណាក់ អ្នកឧកញ៉ា ឧកញ៉ាៗ និងអ្នកជំនួញធំៗ ចូលទៅក្នុងខេត្តកោះកុង គេរំពឹងថា ក្នុងពេលដ៏ខ្លីខាងមុខ វិស័យទេសចរណ៍ក្នុងស្រុកស្រែអំបិលផ្ទាល់ ក៏ដូចជាខេត្តកោះកុងទាំងមូល នឹងប្រែមុខមាត់ថ្មីកាន់តែប្លែក ជាពិសេសបានរួមចំណែកជួយជ្រោងដល់សេដ្ឋកិច្ចជាតិ ពីវិស័យទេសចរណ៍គ្មានផ្សែងនេះបានមួយកម្រិតថែមទៀតជាក់ជាមិនខាន៕