សមត្ថកិច្ចបង្ក្រាប សត្វជ្រូកវៀតណាម១១៥ក្បាល ឆ្លងដែនដោយខុសច្បាប់ ស្រុករមាសហែក

(ខេត្តស្វាយរៀង) ៖ នៅ ថ្ងៃទី២៨ខែកុម្ភ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ១៣ត្រង់ចំណុចភូមិតាត្រាវឃុំកំពង់ត្រាចស្រុករមាសហែក។
ករណីបង្ក្រាបនេះគឺ ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខព្រៃវែង2A-0318 ដឹកសត្វជ្រូករស់ចំនួន១១៥ក្បាល ដោយសង្ស័យនាំចូលពីប្រទេសវៀតណាម ឆ្លងដែនមកកាន់ប្រទេសកម្ពុជា តាមច្រករបៀងដោយខុសច្បាប់ បម្រុងនឹងយកទៅចែកចាយនៅខេត្តស្វាយរៀង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបានឃាត់រថយន្តសង្ស័យនៅលើកំណាត់ផ្លូវជាតិលេខ១៣ ខាងមុខផ្សារកំពង់ត្រាចស្ថិតនៅចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្រោយពីត្រួតពិនិត្យសាកសួររួចមកលទ្ធផល់គឺ គ្មានច្បាប់អនុញ្ញាតិនាំចូល ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាង សត្វជ្រូករស់ចំនួន១១៥ក្បាលនោះទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ប្រភពបន្តទៀតថា ម្ចាស់ជ្រូកឈ្មោះសោមសារឿន មុខរបរអាជីវករ មានទីលំនៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែស្រុករមាសហែកខេត្តស្វាយរៀង ដែលគេស្គាល់ថា ជាអ្នកប្រកបមុខរបរជួញសត្វជ្រូករស់ម្នាក់ជាច្រើនឆ្នាំមកហើយ និងជាអ្នកនាំសត្វជ្រូករស់ពីប្រទេសវៀតណាមចូលមកចែកចាយក្នុងខេត្តស្វាយរៀងនិងទៅរាជធានីភ្នំពេញ។
ជ្រូករស់ទាំង១១៥ក្បាលនេះ មន្ត្រីនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានធ្វើការបូមឈាម យកសំណាកបញ្ជូនទៅអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨កុម្ភៈ២០២២ដើម្បីចូលមន្ទីរពិសោធន៍រករោគវិនិច្ឆ័យ ។ដូច្នេះមកដល់វេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០១មិនា២០២២នេះមន្ទីរនៅរង់ចាំមើលលទ្ធផលពីក្រសួង ។ប្រសិនបើពិនិត្យទៅឃើញលទ្ធផលវិជ្ជមាន(ជ្រូកមានជម្ងឺ)គឺត្រូវធ្វើរបាយការណ៍ជូនលោកព្រះរាជអាជ្ញា សុំគោលការដុតកំទេចបំផ្លាញចោល។ ក៏ប៉ុន្តែប្រសិនបើគ្មានរោគ ឬគ្មានជម្ងឺជ្រូកមានសុខភាពល្អ គឺត្រូវធ្វើការផាកពិន័យ្យតាមច្បាប់ សុខភាពសត្វនិងផលិតកម្មសត្វ លេខ១១៣ ច្បាប់សុខភាពសត្វនិងផលិតកម្មសត្វ រួចប្រគល់ជ្រូកឲ្យម្ចាស់វិញ។ ទាក់ទិនករណីនេះដែរមិនអាចរកការសុំបំភ្លឺ ពីលោកសោមសារឿនម្ចាស់ជ្រូកនេះ បានទេរហូតដល់ ថ្ងៃទី១មិនា២០២២នេះ៕

អត្ថបទដែលជាប់ទាក់ទង