រូបថតព្រះសង្ឃគ្រងស្បង់ជីពរគង់លើព្រះគោថ្ម ដែលជាកន្លែងសក្ការៈបូជា មានជំនឿរបស់ប្រជាពលរដ្ឋស្រុកថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង បង្កើតឱ្យមានប្រតិកម្មពីពុទ្ធបរិស័ទ អាជ្ញាធរ និងព្រះសង្ឃក្នុងខេត្ត

ស្ទឹងត្រែង: ករណីនេះរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ក៏បានចេញលិខិតថ្កោលទោស ចំពោះទង្វើមិនសមរម្យដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ សុំឱ្យលុបរូបភាពនេះចេញជាបន្ទាន់ ព្រមទាំងសុំអភ័យទោសជាសាធារណៈ ចំពោះទង្វើរបស់ខ្លួនដែលបានប្រព្រឹត្ត។ បើពុំដូច្នោះទេរដ្ឋបាលស្រុក ព្រមទាំងមន្ទីរធម្មការ និងសាសនាខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ចំណែកសាលាគណៈខេត្តស្ទឹងត្រែងបានបញ្ជាក់ថា បុព្វជិតអង្គនេះនិមន្តមកពីវត្តពើងបាក់រទេះ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប មានព្រះនាម សរ រស្មី នៅក្នុងរូបភាពគង់លើថ្មព្រះគោក្នុងស្រុកថាឡាបរិវ៉ាត់នោះ គឺជាការប្រព្រឹត្តជាកាយវិការដ៏ឆ្គាំឆ្គងក្នុងឥរិយាបថមិនសមរម្យ ជាសមណៈដែលជាសាវក របស់ព្រះពុទ្ធសាសនា។ ហើយរូបភាពនេះ បានបង្ហោះលើបណ្ដាញសង្គមជាសាធារណៈ ដែលទង្វើនេះគឺជាការប្រមាថលើទីសក្ការៈ និងរំលោភបំពានលើសិទ្ធិជំនឿតាំងពីដូនតារបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង