សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន អញ្ជើញបិទសន្និបាតបូកសរុប លទ្ធផលការងារ ឆ្នាំ២០២១ និងលើក…..
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅបន្ដ ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ។
សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ បានចាប់ផ្ដើមនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ម្សិលមិញ ដែលបើកដំណើរការក្រោមអធិបតីភាព លោក ម៉ប សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ពេលដំណើរការសន្និបាតកាលពីម្សិលមិញ បានបែងចែកក្រុមពិភាក្សាលើប្រធានបទមួយចំនួន ក្នុងនោះរួមមាន៖
ទី១៖ «ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដឹកនាំដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ
ទី២៖ «ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកម្រិតថ្នាក់រាជធានីថ្នាក់ខណ្ឌ និងសង្កាត់» ដឹកនាំដោយ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ
ទី៣៖ «វឌ្ឍភាពការងារគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ» ដឹកនាំដោយលោក ហួត ហៃ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ
ទី៤៖ «បទពិសោធន៍លើការងារប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី»៕