បុរសម្នាក់ ចោទប្រពន្ធថាមានសហាយ ហើយបាន យក-កាំ-បិ-ត-ចុងស្រួចចាក់លើប្រពន្ធខ្លួនឯងបណ្ដាលឱ្យរងរបួស

កណ្ដាល៖ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ អូ រាជ អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់។ចំណែក ជនរងគ្រោះឈ្មោះ ជឿន សុឃីម អាយុ២៩ឆ្នាំ មុខរបរលក់ស្វាយ។ ជនសង្ស័យនិងជនរងគ្រោះជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅ ភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកវត្ថុតាងចាប់យកមាន កាំបិតចុងស្រួច ដងធ្វើពីឫស្សីប្រវែង ៣៧សង់ទីម៉ែត្រ ។
មុនកើតហេតុជនរងគ្រោះជាប្រពន្ធបានត្រឡប់មក ពីលក់ស្វាយវិញ។ ពេលមកដល់ផ្ទះជនសង្ស័យជាប្តីបានសួរទៅប្រពន្ធ របស់ខ្លួនថា៖ ទៅលក់រាល់ថ្ងៃហ្នឹងយកលុយឱ្យប្រុសមែន? ជនរងគ្រោះបាន ឆ្លើយថា៖ បើមិនជឿសួរអ៊ំទៅ! បន្ទាប់មកជនរងគ្រោះ ក៏បានដើរទៅទិញម្ហូប។ លុះពេលជនរងគ្រោះត្រឡប់មកពីទិញម្ហូបវិញ ជនសង្ស័យបានសួរទៅជនរង គ្រោះជាប្រពន្ធទៀតថា៖ មកពីយកលុយឱ្យប្រុសមែន ? ហើយជនរងគ្រោះឆ្លើយថា អត់ទេ! រួចជនសង្ស័យនិយាយថា៖ អញមិនជឿទេ។ ភ្លាមនោះស្រាប់តែជនសង្ស័យបានស្ទុះទៅយកកាំបិតចុងស្រួចដងធ្វើពីឫស្សីមកចាក់ជនរងគ្រោះ មុតចំឆ្អឹងជំនីរខាងឆ្វេងបណ្តាលឱ្យមានរបួស។ ក្រោយពី រឿងហេតុកើតឡើងមកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាល ភ្នំបាតបានចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង