បុរស ២ នាក់ ត្រូវតុលារការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ ៣០ ឆ្នាំ និងពិន័យជាប្រាក់ ៥០ លានរៀល ករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ នៅថ្ងៃទី ៣ ខែមិនា ឆ្នាំ ២០២២ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សា បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ១.ឈ្មោះ ឈន មករា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ ៨៦E ផ្លូវ បេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និង ២. ឈ្មោះ តែម ជីមី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ដាក់ពន្ធនាគារម្នាក់ៗ ៣០ ឆ្នាំ និងពិន័យប្រាក់ម្នាក់ ៥០ លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជិត ១ គីឡូ សាលក្រមនេះដែ រក៏បានទុកសិទ្ធឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ២០ និង ៤០ នាទី កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ នៅចំណុចផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កម្លាំងជំនាញ(ក៩)នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ និងឃាត់ខ្លួន ជនសង្ស័យ០២នាក់ ១-ឈ្មោះ ឈន មករា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ ៨៦E ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ២. ឈ្មោះ តែម ជីមី ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE)ចំនួន ១០ កញ្ចប់ ទម្ងន់សុទ្ធ ៩៩៩.៩៥ ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ០១ គ្រឿង ទូរស័ព្ទ ០៤ គ្រឿង និងសម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួន៕