ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពខ្ចីម៉ូតូអ្នកស្គាល់គ្នា យកទៅបញ្ចាំ ចំនួន ៣៥០ដុល្លារ រួចដើរស៊ីចាយអស់
ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី០៦ ខែមិនា ឆ្នាំ២០២២នេះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពខ្ចីម៉ូតូអ្នកស្គាល់គ្នា នៅឯស្រុកកោះធំ មួយគ្រឿងយកទៅបញ្ចាំចំនួន ៣៥០ដុល្លារ រួចដើរស៊ីចាយអស់ហើយ។ មិនតែប៉ុណ្ណោះ ក៏បានទូរស័ព្ទទៅគំរាមទារលុយពីម្ចាស់ម៉ូតូចំនួន៥០០០០រៀលបន្ថែមទៀត ក៏ត្រូវប្អូនជនរងគ្រោះប្ដឹងសមត្ថកិច្ចចាប់ក្របួចជាប់តែម្តង។
ជនសង្ស័យមានឈ្មោះ ស៊ុ ថន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករបុកអណ្តូងស្នប់ មានទីលំនៅភូមិកំពង់កុង ឃុំជ្រុងរមាស ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ឡាច ប៊ុនលី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកម្មករបុកអណ្តូងស្នប់ មានទីលំនៅភូមិក្បាលដំរី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
មុនពេលកើតហេតុ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ថ្មីៗនេះ ជនសង្ស័យឈ្មោះ ស៊ុ ថន បានទៅខ្ចីម៉ូតូជនរងគ្រោះឈ្មោះ ឡាច ប៊ុនលី ជាអ្នកធ្វេីការជាមួយគ្នាដោយប្រាប់ថា៖ ខ្ចីម៉ូតូទៅទិញប្រេងម៉ាស៊ូត ស្រាប់តែបែរជាទៅបាត់រយៈពេល៤ថ្ងៃ។ លុះនៅល្ងាចថ្ងៃទី០៥ ខែមីនា ស្រាប់តែជនសង្ស័យ នេះ បានយកទូរស័ព្ទតេទៅជនរងគ្រោះដែលជាម្ចាស់ម៉ូតូថា៖ «យកលុយឱ្យរូបគេ៥ម៉ឺនរៀលមក ទើបប្រគល់ម៉ូតូឱ្យវិញ»។ ភ្លាមៗនោះ ម្ចាស់ម៉ូតូក៏បានប្រាប់ប្អូនបង្កើតរបស់គាត់ ដែលកំពុងធ្វើការនៅភ្នំពេញ ឱ្យទាក់ទងជាមួយលេខទូរស័ព្ទរបស់ជនសង្ស័យដើម្បីទាក់ទងគ្នាតែម្តង។
បន្ទាប់ពីជនសង្ស័យ និងប្អូនប្រុសជនរងគ្រោះជាម្ចាស់ម៉ូតូក៏បានទំនាក់ទំនងទៅលេខទូរស័ព្ទជនសង្ស័យ ហើយបានណាត់ជួបគ្នាដើម្បីយកលុយ៥ម៉ឺនរៀលទៅឱ្យ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចក្បែរប៉ុស្តិ៍នគរបាលចោមចៅទី៣។ ភ្លាមៗនោះ ជនសង្ស័យក៏បានមកជួបដូចការណាត់ ហើយក៏ត្រូវប្អូនរបស់ជនរងគ្រោះដែលជាម្ចាស់ម៉ូតូ បានរត់មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឃាត់ខ្លួនបានតែម្តង។
កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានប្រគល់ខ្លួនជនសង្ស័យនេះ ឱ្យទៅអធិការដ្ឋានស្រុកកោះធំ ដើម្បីបន្តនីតិវិធី ៕