គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿង និងរថយន្តមួយគ្រឿង ក្នុងទិសដៅស្របទិសគ្នា បណ្ដាលឲ្យដួល ត្រូវរថយន្តមកពីក្រោយកិនអូសស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល ៤នាក់
តាកែវ: នៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ ក្នុងភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូពីរគ្រឿង និងរថយន្តមួយគ្រឿង ក្នុងទិសដៅស្របទិសគ្នា។
មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1P-1125 បើកបរដោយឈ្មោះ រ៉ន រ៉ា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ នៅភូមិក្រាំងក្រូច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកើតហេតុ) មានអ្នកជិះពីក្រោយចំនួន០២នាក់៖ ទី០១.ឈ្មោះ រ៉ន សារ៉ាត់ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរនិស្សិត នៅភូមិឃុំ ជាមួយគ្នា (រងរបួសធ្ងន់) និងទី០២.ឈ្មោះ រតនា នីកា ភេទស្រី អាយុ ០៤ឆ្នាំ មុខរបរក្នុងបន្ទុក នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចខាងលើ ក៏បានឡើងវ៉ាជែងរួចក៏ទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួល ដែលម៉ូតូមួយគ្រឿងទៀតនោះម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Z-3198 បើកបរដោយឈ្មោះ អួន សុគា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកសិករ នៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ (រងរបួសស្រាល) មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ សន សុភាព អាយុ ៤៦ឆ្នាំ មុខរបរកសិករ នៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) ដែលបើកបរមកពីទិសខាងជើង។ ពេលបុកគ្នារួចភ្លាមនោះក៏មានរថយន្តមួយគ្រឿងមកពីក្រោយ បានមកកិនអូសម៉ូតូប៊ីតខាងលើតែម្តង ដែលរថយន្តនោះម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទក្បាលសណ្តោង ពណ៌លឿង-បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-8593 មានសណ្តោងរ៉ឺម៉កពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-6797 (អ្នកបើកបរគេចខ្លួនបាត់) ដែលកំពុងបើកបរមកពីទិសខាងជើង (មានពាក់មួកសុវត្ថិភាពទាំងអស់គ្នា)។ អ្នករបួសទាំងអស់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។
មូលហេតុ៖ បណ្តាលមកពីម៉ូតូប៊ីតឡើងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។
កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូសង់ និងរថយន្តខាងលើរងការខូចខាតស្រាល និងម៉ូតូប៊ីតខូចខាតធ្ងន់ ហើយត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕