សង្ស័យសមត្ថកិច្ចសើមមាត់ នៅល្បែងជល់មាន់ដុះស្លែ នៅក្រុងសៀមរាប
សៀមរាប៖ សមត្ថកិច្ចមូលដ្ឋានសង្កាត់ជ្រាវ និងសមត្ថកិច្ចខេត្តសៀមរាប ហាក់នៅព្រងើយកន្តើយនិងល្បែងស៊ីសងជល់មាន់ដុះស្លែ នៅចំណុចភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ទំនងជាត្រូវថ្នាំសណ្តំឬទទួលសំណែនពីពពួកបនល្បែងជល់មាន់ខាងលើនេះអស់ហើយមើលទៅ។
យោងតាមប្រភពពីប្រជាពលរដ្ឋនិងបណ្តាញសារព័ត៌មានមួយចំនួន បានបញ្ជាក់ថា បនល្បែងជល់មាន់ បាននិងកំពុងតែបើកដំណើរការលេងជារៀងរាល់ថ្ងៃ ដោយភ្នាល់ដាក់លុយរាប់លានរៀលក្នុងមួយគូរៗក្នុងនោះដែលក្រុមអ្នកញៀនល្បែងជល់មាន់ខាងលើ បានប្រមូលផ្តុំគ្នាចូលទៅលេងពពាក់ពពូន ដោយមិនញញើតពីការជាប់ទោសទណ្ឌ ពិសេសមិនញញើតនិងការឆ្លងរីករាលដាលជំងឺកូដ១៩អូមីក្រុងបន្តិចសោះឡើយ។
មហាជនបានសំណូមពរដល់លោកទៀ សីហា អភិបាលខេត្តសៀមរាប សូមមេត្តាជួយចាត់វិធានការផ្លូវច្បាប់ ចំពោះបនល្បែងស៊ីសងខុសច្បាប់នេះ អោយខាងតែបាន ដើម្បីចូលរួមអនុវត្តន៍នូវវិធានការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល ៣ការពារ៣កុំនិង២ចូលរួម ដើម្បីប្រយុទ្ធជំងឺកូវីដ១៩អូមីក្រុង៕