ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២១ ផ្សព្វផ្សាយផែនការ ឆ្នាំ២០២២ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា

ខេត្តកំពង់ឆ្នាំង÷ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២១ ផ្សព្វផ្សាយផែនការ ឆ្នាំ២០២២ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា របស់កងពលតូចអន្តរាគមន៍លេខ១ ដែស្ថិតក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសខួបលើកទី១១១ នៃទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២២នេះ លោកអគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអបអរសាទរ និងជូនពរ ចំពោះយោធិននារី នៃកងពល តូចអន្តរាគមន៍លេខ១ ក៏ដូចជានៅទូទាំងកងទ័ព ជើងគោកនៃកងយោធពលខេមរភូមិន្ទ។ ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ឯកក៏សូមកោតសរសើរកងពលអន្តរាគមន៍លេខ១ រួមទាំងបណ្តាស្ថាប័ន-កងអង្គភាពចំណុះ ដែលក្រៅពីភារកិច្ចស្នូល ថែមទាំងបានចូលបានចូលរួមយ៉ាងសកម្មជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលជាកត្តាជួយពន្លឿនយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ឱ្យប្រព្រឹត្តទៅបានប្រកបដោយប្រសិទ្ធភាពជោគជ័យ ធានាកាត់បន្ថយហានិភ័យនៃការចម្លង ភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម ។
ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បានគាំទ្រ និងជំរុញឱ្យយោធិនទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការបំពេញតួនាទី និងភារកិច្ចក្នុងនាមជាកងយោធខេមរភូមិន្ទ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានស្នាដៃ និងសមិទ្ធផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯកក៏បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាជាច្រើន រួមមាន អគារទីបញ្ជាការ ១ ខ្នង សាលប្រជុំ ១ ខ្នង និងផ្លូវបេតុង ០៣ ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គភាពសម្ព័ន្ធមេត្រីភាព ក៏ដូចជាការចូលរួមចំណែកជាបដិភាគផ្ទាល់របស់អង្គភាព ហើយសង្ឃឹមថា សមិទ្ធផលថ្មីទាំងនេះនឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដោយជួយសម្រួលការងារប្រចាំថ្ងៃរបស់កងពលបានមួយកម្រិតធំ ធានាបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត។
លោកឧត្តមសេនីយ៍ឯកអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយជានិច្ចជាកាល សម្តេច តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេច ផ្ទាល់ ក៏ជាធ្លាប់យោធិនដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម៕

អត្ថបទដែលជាប់ទាក់ទង